សៀមរាប: នាថ្ងៃទី១៧ ខែតលា ឆ្នាំ២០២៦ នៅរដ្ឋបាលខេត្តលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាខេត្តបានចូលប្រជុំត្រួតពិនិត្យការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ “ភិមានអាកាស” Kun Khmer X Fighting Clubbing ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដោយមានការចូលរួមពីអ្នកពាក់ព័ន្ធ។
ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ “ភិមានអាកាស” Kun Khmer X Fighting Clubbing ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយ ស្ថានីយ៍ទូរទស្សន៍ថោន ហ្វូលអេចឌីធីវី (Town FULLHD TV) រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់ “ភិមាន អាកាស Kun Khmer x Fighting Clubbing” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីលានជល់ដំរី ខេត្ត សៀមរាប។ ព្រឹត្តិការណ៍នេះនឹងមានការចូលរួមប្រកួតពីកីឡាករអន្តរជាតិល្បីៗមកពីប្រទេសអ៊ីតាលី បារាំង រ៉ូមានី ទុយណេស៊ី ទួកគី និងសេណេហ្គាល់ រួមទាំងកីឡាករគុនខ្មែរល្បីៗរបស់កម្ពុជា ព្រមទាំងមានការផ្សាយ ផ្ទាល់លើកញ្ចប់ទូរទស្សន៍ Town FULLHD TV និងផ្សាយបន្តទៅកាន់បណ្តាញទូរទស្សន៍ DAZN របស់ចក្រភព អង់គ្លេស ទៅជាង ២០០ប្រទេសជុំវិញពិភពលោក ដូចជាសហរដ្ឋអាមេរិក បារាំង អ៊ីតាលី អាល្លឺម៉ង់ …។ល។
សូមបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ប្រដាល់នេះឡើង គឺដើម្បីធ្វើការជ្រើសរើសកីឡាករគុនខ្មែរដែលពោ ទៅដោយសមត្ថភាព និងទេពកោសល្យប្រចាំកម្ពុជា ដើម្បីត្រៀមឈានទៅប្រកួតលើសង្វៀនកម្រិតអន្តរជាតិ បន្តនៅក្រៅប្រទេស និងធ្វើការឃោសនាផ្សព្វផ្សាយអំពីមរតកក្បាច់គុនដូនតាខ្មែរ អរិយធម៌ វប្បធម៌ខ្មែរ និង តំបន់ទេសចរណ៍បេតិកភណ្ឌនៅខេត្តសៀមរាបទៅកាន់ពិភពលោក៕

