(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានអនុគណៈកម្មការវិនិយោគខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការវិនិយោគខេត្ត ដើម្បីពិនិត្យ និងពិភាក្សាលើសំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជនចំនួន ២ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រក្រុងកំពង់ចាម និងស្រុកព្រៃឈរ។
លោក ជា សិលា នាយករដ្ឋបាលសាលាខេត្តកំពង់ចាម បានឱ្យដឹងថា ក្រុមហ៊ុនចំនួន ២ ដែលបានដាក់សំណើសុំវិនិយោគ រួមមាន៖
១- ក្រុមហ៊ុន ហ្សូលី ហ្សានីន ត្រេឌីង ឯ.ក ស្នើសុំវិនិយោគលើគម្រោងបង្កើតសួនកម្សាន្តកុមារសន្តិភាព ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រក្រុងកំពង់ចាម។
២- ក្រុមហ៊ុន ធី អេ អេហ្វ អាហ្គ្រីខលឆ័រ ហ្វើទីឡាយហ្សឺ ឯ.ក ស្នើសុំវិនិយោគលើគម្រោងប្រព័ន្ធស្រោចស្រពក្នុងស្រុកព្រៃឈរ ដែលមានសមត្ថភាពស្រោចស្រពលើផ្ទៃដីប្រមាណជាង ២០.០០០ ហិកតា ក្នុងស្រុកព្រៃឈរ និងស្រុកជើងព្រៃ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណងសំខាន់ក្នុងការពិនិត្យ និងពិភាក្សាលើសំណើគម្រោងវិនិយោគទាំងពីរ ដោយយកចិត្តទុកដាក់ខ្ពស់លើទិដ្ឋភាពច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីជាធរមាន ដើម្បីធានាថា ការសម្រេចចិត្តលើគម្រោងវិនិយោគនីមួយៗប្រព្រឹត្តទៅដោយត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា ការពិនិត្យ និងសម្រេចលើសំណើវិនិយោគទាំងនេះ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញបរិយាកាសវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងខេត្តកំពង់ចាម។ ក្នុងនោះ ផ្តោតសំខាន់លើការទាញយកប្រយោជន៍ពីសក្តានុពលមូលដ្ឋាន ការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែរីកចម្រើន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

