អភិបាលខេត្តកំពង់ចាម ជំរុញមន្ទីររៀបចំដែនដី រៀបចំខ្លួនអនុវត្តសេវាអនឡាញ ដើម្បីភាពស្អាតស្អំ និងទំនុកចិត្តជូនប្រជាពលរដ្ឋ

(កំពង់ចាម)៖ ក្នុងអង្គសន្និបាតបូកសរុបវឌ្ឍនភាពការងារឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានលើកទឹកចិត្តឱ្យមន្ទីរជំនាញ រៀបចំខ្លួនចាប់ផ្តើមអនុវត្តយន្តការផ្តល់សេវាអនឡាញជាជំហានៗ ដើម្បីលើកកម្ពស់ភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងបង្កើនទំនុកចិត្តជូនប្រជាពលរដ្ឋ។ ‎

ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ក្រោមវត្តមាន ឯកឧត្តម ម៉ៅ វិបុល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម នៅសាលសន្និសីទសាលាខេត្តកំពង់ចាម។

‎នាឧកាសនោះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា នៅក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ យើងមានមធ្យោបាយផ្សេងៗបន្ថែមលើយន្តការច្រកចេញចូលតែមួយ ក្នុងការផ្តល់សេវាឱ្យកាន់តែប្រសើរ និងកែប្រែរបៀបគ្រប់គ្រងសកម្មភាពផ្តល់សេវាទៅជារបៀបស្វ័យប្រវត្តិ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាដែលស្របនឹងយុទ្ធសាស្ត្រមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

‌‎ឯកឧត្តម អ៊ុន ចាន់ដា បានបន្ថែមថា ការដាក់ចេញយន្តការផ្តល់សេវាអនឡាញជាបណ្តើរៗរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនត្រឹមតែធ្វើឱ្យការផ្តល់សេវាមានប្រសិទ្ធភាពខ្ពស់ជាងមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងជំរុញកែប្រែឥរិយាបថរបស់មន្ត្រីរាជការ លើកកម្ពស់ភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងបង្កើនទំនុកចិត្តរបស់ប្រជាជនលើក្រសួងស្ថាប័ន និងរាជរដ្ឋាភិបាលទាំងមូលផងដែរ។

‌‎អាស្រ័យហេតុនេះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ធ្វើការអាទិភាវូបនីយកម្មការងារ និងកសាងផែនការសកម្មភាពឱ្យមានភាពជាក់ស្តែង ទៅតាមលទ្ធភាព ដើម្បីចាប់ផ្តើមអនុវត្តយន្តការនេះ ដែលអាចជួយសម្រាលបញ្ហាប្រឈមផ្នែកធនធានមនុស្សបានមួយកម្រិត ដោយអាចស្នើសុំជំនួយគាំទ្រពីក្រុមការងារបរិវិវត្តកម្មឌីជីថលរបស់ក្រសួងក្នុងករណីចាំបាច់។

‎

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *