ភ្នំពេញ៖ ភូមិឋាន ធ្លាប់តែអ៊ូអរ ប្រែក្លាយជាស្ងាត់ជ្រងំដ៏គួរឱ្យសង្វេគ ដោយសារតែបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ រយៈពេល៥ថ្ងៃមកនេះ។ ទិដ្ឋភាពស្ងាត់ជ្រងំនៅតំបន់ជម្លោះព្រំដែនកម្ពុជា ថៃ បែបនេះ បានធ្វើឱ្យលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ភ្នក់គិតដល់ពាក្យមួយឃ្លាថា៖«មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ»។
តាមរយៈសំណេរលើហ្វេសប៊ុក ដោយអមជាមួយរូបថតពីទិដ្ឋភាពផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើន ត្រូវបានទុកចោល និងបន្សល់ទុកភូមិឋានដ៏ស្ងាត់ជ្រងំនេះ លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ការប៉ះទង្គិចនេះ មិនត្រឹមតែប៉ះពាល់ដល់ការប្រកបរបរប្រចាំថ្ងៃរបស់ពលរដ្ឋទេ ក៏ប៉ុន្តែបានជះឥទ្ធិពលដល់វិស័យអប់រំរបស់កម្ពុជាដូចគ្នា ដោយសារសាលារៀនមួយចំនួននៅតាមឃុំស្រុក នៅតំបន់ដែលទទួលរងនូវការវាយប្រហារត្រូវបានផ្អាកបណ្ដោះអាសន្ន ដែលធ្វើឱ្យរំខានយ៉ាងខ្លាំងដល់សិស្សានុសិស្ស បើទោះជាការប៉ះទង្គិចគ្នាមានរយៈពេលត្រឹមតែ ៥ ថ្ងៃក៏ដោយ។
«ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំទីជម្រកសុវត្ថិភាព ស្បៀងអាហារ ដើម្បីការពារ និងគេចចេញពីការវាយប្រហារ ជូនដល់បងប្អូនប្រជាជនភៀសសឹក ចាកចេញពីភូមិឋានដ៏កក់ក្ដៅរបស់ខ្លួន ដែលបណ្ដាលមកពីសង្គ្រាមឈ្លានពាន»។ នេះបើតាមលោក ហ៊ុន ម៉ានី ដែលបានបន្ថែមថា លទ្ធផលនៃសង្រ្គាមឈ្លានពានកម្ពុជា តាំងពីថ្ងៃទី២៤ ខែកក្កដាមក បានបណ្ដាលឱ្យប៉ះពាល់ដល់ការស់នៅរបស់ប្រជាជនរាប់ម៉ឺននាក់ និងលំនៅដ្ឋានជាច្រើន ត្រូវបានទុកចោល។
គិតចាប់ពីម៉ោង១២យប់ ឈានចូលថ្ងៃទី២៩ កក្កដា មក គឺមានរយៈពេលមួយថ្ងៃហើយ ដែលកម្ពុជា-ថៃ បានអនុវត្តលើកិច្ចព្រមព្រៀងបទឈប់បាញ់គ្នា។ ពលរដ្ឋសាទរខ្លាំងណាស់ ពេលទទួលបានដំណឹងនេះ។ បើតាមលោក ហ៊ុន ម៉ានី ជនភៀសសឹកជាច្រើនគ្រួសារ បានវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញហើយ ក្រោយភាគីកម្ពុជា-ថៃ បានងនុវត្តបទឈប់បាញ់។ រដ្ឋមន្រ្តីមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្ថែមដូច្នេះ៖«ក្រោយពីទទួលអនុវត្តនូវបទឈប់បាញ់ដោយឥតលក្ខខណ្ឌរវាងប្រទេសទាំងពីរ ពេលនេះបងប្អូនជនភៀសសឹកមួយចំនួនក៏បាននិងកំពុងធ្វើដំណើរវិលត្រឡប់ទៅភូមិឋានរបស់ខ្លួន ដោយក្ដីសង្ឃឹម បន្ទាប់ពីមន្ត្រីសន្តិសុខបានវាយតម្លៃថាស្ថានការណ៍ព្រំដែនមានសុវត្ថិភាពឡើងវិញ ក្រោយការឯកភាពលើកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ នេះគឺជាលទ្ធផលមួយដ៏ល្អសម្រាប់ប្រជាជន»។
រដ្ឋមន្រ្តីមុខងារសាធារណៈរូបនេះ បានបន្ថែមថា កម្ពុជាចង់បានតែសន្តិភាព ហើយកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវជំហរដោះស្រាយបញ្ហារដោយសន្តិវិធី។

Hi, this is a comment.
To get started with moderating, editing, and deleting comments, please visit the Comments screen in the dashboard.
Commenter avatars come from Gravatar.