(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសាប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ដណ្តើមពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
គួរបញ្ជាក់ថា ការប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ដណ្តើមពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ចាប់តាំងពីកម្រិតមធ្យមសិក្សាបឋមភូមិ ជាពិសេសចាប់ពីថ្នាក់ទី៧ តទៅ ដើម្បីត្រៀមលក្ខណៈឱ្យបានល្អសម្រាប់ការប្រឡងដណ្តើមពានរង្វាន់នេះនៅថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ព្រមទាំងត្រៀមខ្លួនសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលអនាគត។
ការប្រឡងនេះមានបេក្ខជនចូលរួមសរុបចំនួន ១៦៥នាក់ ក្នុងនោះមានសិស្សស្រីចំនួន ១០៨នាក់។ មុខវិជ្ជាដែលត្រូវប្រឡងមានចំនួន ៤ មុខវិជ្ជា រួមមាន៖ គណិតវិទ្យា រូបវិទ្យា អក្សរសាស្ត្រ និងប្រវត្តិវិទ្យា។
ដើម្បីធានាបាននូវសុក្រឹតភាព តម្លាភាព ភាពត្រឹមត្រូវ និងយុត្តិធម៌ក្នុងដំណើរការប្រឡង ក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុករៀបចំ និងចេញវិញ្ញាសាប្រឡង ព្រមទាំងកែសន្លឹកកិច្ចការរបស់បេក្ខជន។ ដោយឡែក ក្រុមការងាររបស់ក្រសួងយុត្តិធម៌ ទទួលបន្ទុករៀបចំ និងសម្របសម្រួលដំណើរការប្រឡង ដោយសហការជាមួយវិទ្យាល័យទាំង៥ និងមានការចូលរួមសង្កេតការណ៍ពីសំណាក់សហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ៕

