សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រយៈពេលជិត៣ទស្សវត្សរ៍ចុងក្រោយនេះ បន្ទាប់ពីសម្រេចបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងតាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលធំៗជាច្រើនរួមមានការកសាងស្ថាប័នរដ្ឋមួយរឹងមាំ និងឯករាជ្យដែលប្រព័ន្ធអភិបាលកិច្ចត្រូវបានធ្វើទំនើបកម្មជាប្រចាំអោយកាន់តែមានប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិយ៉ាងឆាប់រហ័សជាមួយកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំដែលត្រូវបានទទួលស្គាល់ទាំងក្នុងតំបន់និងសាកលលោក ការប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥នឹងត្រៀមចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ខាងមុខនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរខួប ២០ឆ្នាំនៃការបញ្ជូនកងកម្លាំងកងយោពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនិងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។
ទន្ទឹមនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ដោយបានកាត់បន្ថយភាពក្រីក្រយ៉ាងលឿន និងការធ្វើសមាហរកម្មដោយជោគជ័យនៅក្នុងហេដ្ឋារចនាសម្ព័ន្ធនិងនិម្មាបនកម្មសេដ្ឋកិច្ចតំបន់ និងសកលលោក រាជរដ្ឋាភិបាលនីតិកាលទី៧បាននិងកំពុងបន្តជំរុញកំណែទម្រង់ការពារជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត ដែលអភិក្រមនៅក្នុងការកែទម្រង់របស់យើងគឺផ្អែកទៅលើកំណែទម្រង់ដើម្បីពង្រឹងខាងក្នុងនិងកិច្ចសហប្រតិបត្តិការដើម្បីពង្រីកមិត្តខាងក្រៅ៕

