សម្តេចតេជោ ហ៊ុន សែន៖ បើគ្មានជំនួបសីហនុ-ហ៊ុន សែន ក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ

យោងតាមការបង្ហោះផ្សាយនៅបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ មានខ្លឹមសារដូចខាងក្រោម៖

ក្រឡេកមើលទៅក្រោយ! ថ្ងៃ២៣តុលា១៩៩១ម៉ោង៣ល្ងាចនៅទីក្រុងប៉ារីសប្រទេសបារាំងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលនិយមហៅថា(កិច្ចព្រមព្រៀងប៉ារីស)។ដើមឈើមួយដើមត្រូវមានគល់ មានដើម មានមែក មានស្លឹកទើបហៅថា
ដើមឈើបាន។ ដូចគ្នានេះដែរកិច្ចព្រមព្រៀងប៉ារីសបានចាប់ផ្តើមពីជំនួបចរចារវាងសម្តេចព្រះនរោត្តមសីហនុជាមួយរូបខ្ញុំហ៊ុន សែនដែលគេតែងនិយាយថា(ជំនួបសីហនុ-ហ៊ុន សែន)ថ្ងៃ២ធ្នូ១៩៨៧។ គ្មានជំនួបសីហនុ-ហ៊ុន សែន វាក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ។ យើងបានប្រើពេលជាច្រើនដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយនេះ។
បើគិតពីថ្ងៃ២ធ្នូ១៩៨៧ដល់២៣តុលា១៩៩១គឺមានរយៈពេល១,៤២១ថ្ងៃត្រូវជា២០៣សប្តាហ៍ស្មើនឹង៤៦ខែនិង២១ថ្ងៃឬ៣ឆ្នាំ១០ខែនិង២១ថ្ងៃ។ខ្ញុំជាមនុស្សតែម្នាក់គត់ដែលមានវេទិកាចរចាច្រើនជាងគេ(ពាក្យនេះពួកតាំងខ្លួនជាបិតា២៣តុលាច្បាស់ជាពេបជ្រាយ)ដែលអាចបញ្ជាក់បាននៅត្រង់មួយទល់បី(ខ្ញុំ ហ៊ុន សែន ត្រូវតទល់ជាមួយសម្តេចព្រះនរោត្តមសីហនុផងជាមួយលោកតា សឺន សាន ផង ជាមួយ ខៀវ សំផនផង) ដែលពេលខ្លះជួបដោយឡែកនិងពេលខ្លះជួបរួម។ ឯដៃគូបរទេសមិនថាប្រទេសគាំទ្រទេប្រទេស ដែលមិនគាំទ្រក៏ត្រូវការជួបជាមួយ ហ៊ុន សែនដើម្បីពន្យល់គ្នាឬស្វែងយល់ឬស្វែងរកការស្រុះស្រួល។ នៅក្នុងវេទិកាចរចាខ្ញុំជាមនុស្ស ដែលមានវ័យក្មេងជាងគេក្នុងចំណោមភាគីកម្ពុជានិងប្រតិភូពីប្រទេសដែលចូលរួម ដែលចាប់ផ្តើមចរចាអាយុ៣៥ឆ្នាំនិង ពេលចុះ ហត្ថលេខាអាយុ៣៩ឆ្នាំ។ អបអរសាទរខួបលើកទី៣៥ឆ្នាំនៃកិច្ចព្រមព្រៀងប៉ារីស២៣តុលា១៩៩១៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *