អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត

ពោធិ៍សាត់ ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៧ ក្រោមអធិបតីភាព លោកជំទាវ ទេព បូរ៉ាមីន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង-ស្រុក និងមន្ត្រីរាជការយ៉ាងច្រើនកុះករ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្ត។

ក្នុងមតិបើកសន្និបាត ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ថា ខេត្តពោធិ៍សាត់មានផ្ទៃដីសរុប ១,២៦៩,២០០ហិកតា (ចែកចេញជា ១ក្រុង, ៦ស្រុក, ៧សង្កាត់, ៤២ឃុំ និង ៥២៧ភូមិ)។ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរជំនាញ ដែលក្នុងឆ្នាំ២០២៦នេះ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី (LASSP) បានសម្រេចបញ្ចប់ការវាស់វែងទាំងស្រុង ក្នុងភូមិសាស្ត្រខេត្ត ព្រមទាំងបានជំរុញការផ្តល់បណ្ណកម្មសិទ្ធិ ការចុះបញ្ជីដីរដ្ឋ និងការផ្តល់ដីសម្បទានសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារក្រីក្រប្រកបដោយប្រសិទ្ធភាពខ្ពស់។

ថ្លែងក្នុងពិធីបិទសន្និបាត លោកជំទាវ ទេព បូរ៉ាមីន រដ្ឋលេខាធិការ បានពាំនាំនូវការសួរសុខទុក្ខពី លោក សាយសំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជូនចំពោះអង្គសន្និបាតទាំងមូល។ លោកជំទាវ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងមន្ទីរជំនាញ ជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *