ឯកឧត្តម វង្ស ពិសេន ជូនបណ្ណសរសើរដល់សមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ានមកពីប្រទេសវៀតណាម ដែលបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានជួបសំណេះសំណាល និងជូនបណ្ណសរសើរដល់លោកវរសេនីយ៍ឯក ភួង ថាញ់ក្វាង និងលោកវរសេនីយ៍ឯក លី ថាញ់តឹម សមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មកពីប្រទេសវៀតណាម ប្រចាំកម្ពុជា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្ម។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងកងទ័ពប្រជាជនវៀតណាម ដែលបានគាំទ្រការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ និងបានបញ្ជូននាយទាហានមកចូលរួមបេសកកម្មសង្កេតការណ៍នៅកម្ពុជា ដែលបង្ហាញពីស្មារតីសាមគ្គីភាព ឯកភាព និងការប្តេជ្ញាចិត្តរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ឯកឧត្តមបានកោតសរសើរចំពោះការលះបង់ ពេលវេលា ការឃ្លាតឆ្ងាយពីគ្រួសារ និងការខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ានទាំងពីររូប ក្នុងការតាមដាន និងកត់ត្រាស្ថានការណ៍ជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ ដើម្បីរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងប្រក្រតីភាពឡើងវិញ។

ឯកឧត្តមអគ្គមេបញ្ជាការបានអះអាងថា កម្ពុជានៅតែបន្តរក្សាជំហរ និងប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ថា ព្រំដែនមិនត្រូវបានកែប្រែដោយការប្រើកម្លាំងនោះឡើយ។

ជាទីបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណ និងជូនពរដល់លោកវរសេនីយ៍ឯក ភួង ថាញ់ក្វាង និងលោកវរសេនីយ៍ឯក លី ថាញ់តឹម ឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ច និងធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ព្រមទាំងបង្ហាញជំនឿថា វៀតណាមនឹងបន្តគាំទ្របេសកកម្ម AOT ក្នុងការត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ និងរួមចំណែកស្តារសន្តិភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *