អភិបាលខេត្តព្រៃវែង និងភារធារីស្ថានទូតចិនប្រចាំកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី និងសមិទ្ធផលនានា នៅសាលារៀន ខ្មែរ-ចិនជុងទី ក្នុងស្រុកកំពង់ត្របែក

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយ លោក ជាំង ណាន (JIANG Nan) ភារធារី (Charge d’Affaires) នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី ១ខ្នង កម្ពស់ ៤ជាន់ ស្មើនឹង ២០បន្ទប់ ព្រមទាំងសមិទ្ធផលនានា ស្ថិតនៅក្នុងសាលារៀន ខ្មែរ-ចិនជុងទី ដែលមានទីតាំងនៅក្នុងភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

​ពិធីដ៏អធិកអធមនេះ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការសាលាខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលក្រុង-ស្រុកទាំង១៣ លោកនាយក នាយករងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរឃុំ-ភូមិ ព្រមទាំងលោកយាយ លោកតា និងប្រជាពលរដ្ឋក្នុងឃុំប្រាសាទយ៉ាងច្រើនកុះករ។

​សមិទ្ធផលអគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗទាំងនេះ គឺជាអំណោយផលយ៉ាងថ្លៃថ្លាដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពវិស័យអប់រំ ឆ្លើយតបទៅនឹងតម្រូវការសិក្សារបស់ក្មួយៗសិស្សានុសិស្សក្នុងមូលដ្ឋាន ក៏ដូចជាការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនឱ្យកាន់តែរឹងមាំថែមទៀត។

​បន្ទាប់ពីបានបញ្ចប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សារួចមក ឯកឧត្តមអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ ក៏បានអញ្ជើញបន្តចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពការងារ និងការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្របែក ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងយកចិត្តទុកដាក់ខ្ពស់.៕

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *