ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញបិទកម្មវិធីប្រណាំងទូកនៅខេត្តព្រៃវែង ប្រកបដោយភាពជោគជ័យនិងសប្បាយរីករាយ

(ព្រៃវែង)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង រួមជាមួយ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណ: អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី ព្រមទាំងថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត នៅព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង ឆ្នាំ២០២៦ ដែលមានទូកវែងសរុបចំនួន១១គូរនិងខ្លីចំនួន៣០គូរ ប្រកបដោយភាពសប្បាយរីករាយ។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងស្របតាមប្រពៃណីជាតិ ដើម្បីអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សា និងជាការផ្តល់ជូនដល់ប្រជាពលរដ្ឋបានទស្សនាកម្សាន្តសប្បាយរីករាយ ព្រមទាំងត្រៀមអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ។

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងថា ការប្រណាំងទូកងឆ្នាំ២០២៦នេះ មានការចូលរួមពីក្រុង-ស្រុកចំនួន៦នៅទូទាំងខេត្ត និងមកពីខេត្តកណ្តាល សរុបចំនួន៨០ទូក ដែលក្នុងនោះមានទូកខ្នាតអន្តរជាតិ៥៩ទូក និងទូកខ្នាតវែង២១ទូក។ ចំនួនអ្នកទស្សនា និងកម្សាន្តមានប្រមាណ២៣០,០០០នាក់ ដែលបង្ហាញពីការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។

ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញរយៈពេល២ថ្ងៃ
*ចំណាត់ថ្នាក់លេខ១៖ មានចំនួន១៣ទូក (ទូកខ្នាតអន្តរជាតិ៩ទូក និងទូកខ្នាតវែង៤ទូក)។ *ចំណាត់ថ្នាក់លេខ២៖ មានចំនួន៣១ទូក (ទូកខ្នាតអន្តរជាតិ ២៣ទូក និងទូកខ្នាតវែង៨ទូក) *ចំណាត់ថ្នាក់លេខ៣៖ មានចំនួន២៥ទូក (ទូកខ្នាតអន្តរជាតិ១៨ទូក និងទូកខ្នាតវែង៧ទូក) *ចំណាត់ថ្នាក់លេខ៤៖ មានចំនួន១០ទូក (ទូកខ្នាតអន្តរជាតិ៨ទូក និងទូកខ្នាតវែង២ទូក)។

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានបន្តថា ក្នុងនាមរដ្ឋបាលខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧបនាយករដ្ឋមន្ត្រី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្ររហូតកម្មវិធីនេះដំណើរការដោយរលូន និងជោគជ័យ។ ពិធីនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វប្បធម៌ជាតិ និងពង្រឹងសាមគ្គីភាពក្នុងសង្គម។

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណ: អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែង រួមទាំងកងកម្លាំងទាំងបី ដែលបានរៀបចំកម្មវិធីប្រណាំងទូក “ង” នេះឡើងបង្ករការសប្បាយរីករាយយ៉ាងក្រៃលែងដល់ប្រជាពលរដ្ឋនៅខេត្តព្រៃវែង និងបណ្តាខេត្តផ្សេងៗទៀតមកចូលរួមផងដែរ និងសូមអរគុណចំពោះក្រុមហ៊ុនវឌ្ឍនៈ និងសប្បុសជនទាំងអស់ដែលបានជួយឧបត្ថមគាំទ្រដល់ការរៀចំកម្មវិធី និងអរគុណចំពោះការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយភាពសប្បាយរីករាយក្នុងពិធីបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង ឆ្នាំ២០២៦ ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដាំផ្ញើនូវចំនុចសំខាន់ៗដល់គណ:កម្មការ និងកីឡាករទូក “ង” ទាំងអស់ត្រូវរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ត្រូវមានកម្លាំងសាមគ្គីភាពល្អជាមួយគ្នា ចេះយោគយល់អធ្យាស្រ័យ និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការប្រកួត។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីស សុខា បានថ្លែងនូវ កោតសរសើរដល់កីឡាករទូកទាំងអស់ដែលបានគោរពបទបញ្ជាផ្ទៃក្នុង និងបទបញ្ជាការប្រកួត និងប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ ស្រឡាញ់ និងរក្សាសេចក្តីថ្លៃថ្នូរជាកីឡាករ ព្រមទាំងបានគោរពតាមការណែនាំរបស់គណៈកម្មការរៀបចំការប្រកួតបានខ្ជាប់ខ្ជួន នាំយកកិត្តិយស និងជ័យជម្នះជូនស្រុកភូមិ និងខេត្ត ដោយឈរលើស្មារតីយុត្តិធម៌ និងមិត្តភាព៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *