(កំពង់ចាម) :ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត ដើម្បីពិនិត្យឆ្លងបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៦ ឆ្នាំ២០២៧។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានគណៈកម្មាធិការបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកសមាជិកាគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត លោក លោកស្រី ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សក្រុង-ស្រុកទាំង១០ និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅ មន្ទីរគណបក្សខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សមូលដ្ឋានទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ដោយបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនទំនាក់ទំនងជិតស្និទ្ធ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។ ជាពិសេស ត្រូវត្រៀមលក្ខណៈក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ស្របទៅតាមទិសដៅ និងផែនការដែលគណបក្សបានដាក់ចេញ ព្រមទាំងប្តេជ្ញាចិត្តខិតខំប្រតិបត្តិឱ្យបានត្រឹមត្រូវ តាមគោលនយោបាយ និងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស។ ជាពិសេស ចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមមគ្គុទេសដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

