(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តមកពីប្រទេសអូស្ត្រាលី នៃអង្គការ Cambodia Vision ដែលបានលះបង់ពេលវេលា និងថវិកាផ្ទាល់ខ្លួន ចុះមកផ្តល់សេវាពិនិត្យ ព្យាបាលជំងឺភ្នែក ព្រមទាំងផ្តល់វ៉ែនតា និងថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ដើម្បីរួមចំណែកលើកកម្ពស់សុខភាពភ្នែក និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។
ការថ្លែងអំណរគុណនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកស្រី យាំង ធីតា ប្រធានអង្គការ Cambodia Vision ដែលបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកបំពេញបេសកកម្មមនុស្សធម៌នៅខេត្តកំពង់ចាម ដោយស្មារតីសប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត បានចាត់ទុកសកម្មភាពមនុស្សធម៌នេះថាជាការរួមចំណែកដ៏មានតម្លៃក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានបញ្ហាសុខភាពភ្នែក និងខ្វះខាតថវិកាក្នុងការពិនិត្យព្យាបាល។ ការផ្តល់សេវាដោយឥតគិតថ្លៃនេះ ក៏បានស្តែងឱ្យឃើញពីស្មារតីសាមគ្គីភាព ការចែករំលែក និងការយកចិត្តទុកដាក់ចំពោះសុខភាពសហគមន៍ផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានកោតសរសើរចំពោះទឹកចិត្ត និងការលះបង់របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានធ្វើដំណើរពីឆ្ងាយនឹងជិត មកជួយពិនិត្យ ព្យាបាល និងផ្តល់ជំនួយចាំបាច់ផ្សេងៗជូនប្រជាពលរដ្ឋដោយមិនគិតកម្រៃ ដែលសកម្មភាពនេះពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តឱ្យមានការបន្តកិច្ចសហការរវាងអង្គការមនុស្សធម៌ និងអាជ្ញាធរដែនដីបន្ថែមទៀត ដើម្បីពង្រីកការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ និងធានាថាប្រជាពលរដ្ឋទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺប្រកបដោយគុណភាព និងសុវត្ថិភាព៕

