(ភ្នំពេញ) : ជំនួប រវាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម CHRISTIAN DESROCHES ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានផ្ដល់ថាមពលថ្មីមួយបន្ថែមទៀត សម្រាប់ការជំរុញសន្ទុះកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងកាណាដា លើការងារសន្តិសុខ និងរដ្ឋបាលសាធារណៈ។
ក្នុងវិស័យសន្តិសុខ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានរំលេចអំពីលទ្ធផលកិច្ចសហប្រតិបត្តិការកន្លងមក និងបានបំផុសភាគីកាណាដា ពិចារណាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដោយផ្ដោតលើការងារបណ្ដុះបណ្ដាលជំនាញសន្តិសុខបច្ចេកវិទ្យា ដល់មន្ត្រីនគរបាលជាតិកម្ពុជា ជាពិសេសការពង្រឹងសមត្ថភាពស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ដោយឡែកក្នុងវិស័យរដ្ឋបាលសាធារណៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ចំពោះប្រព័ន្ធគ្រប់គ្រងរដ្ឋបាលដែនដីនៅប្រទេសកាណាដា ដោយបន្ថែមទៀតថា ក្នុងនាមក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមមានបំណងជំរុញ និងស្នើឱ្យភាគីទាំងពីរបង្កលក្ខណៈឈានទៅចាប់ផ្ដើមកិច្ចពិភាក្សាលម្អិត រកលទ្ធភាពជំរុញការផ្លាស់ប្ដូរបទពិសោធក្នុងវិស័យគ្រប់គ្រងរដ្ឋបាលដែនដី។
ឯកឧត្តម CHRISTIAN DESROCHES ឯកអគ្គរដ្ឋទូតកាណាដា បានថ្លែងអំណរគុណឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលក្នុងនាមក្រសួងមហាផ្ទៃ បានបង្កលក្ខណៈ និងផ្ដល់ការគាំទ្រលើកិច្ចការជាច្រើនជាមួយស្ថានទូតកាណាដា។ ឯកឧត្តមក៏បានកត់សម្គាល់ អំពីការកាត់បន្ថយនីតិវិធី និងពេលវេលា លើករណីស្នើសុំចូលជួបជនជាប់ឃុំជាជនជាតិកាណាដា ព្រមទាំងការឆ្លើយតបបានឆាប់រហ័សលើសំណើស្រាវជ្រាវជនពាក់ព័ន្ធបទល្មើសមួយចំនួន។
ចំពោះគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ដើម្បីឈានទៅពង្រីកកិច្ចសហប្រតិបត្តិការលើការងារបណ្ដុះបណ្ដាលក្នុងវិស័យសន្តិសុខ និងការផ្លាស់ប្ដូរបទពិសោធក្នុងវិស័យរដ្ឋបាលសាធារណៈ ឯកឧត្តមឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ស្វាគមន៍ និងបញ្ជាក់ពីការត្រៀមខ្លួនដើម្បីជំរុញការងារនេះឱ្យទទួលបានលទ្ធផលជាផ្លែផ្កា។ ឯកឧត្តមថែមទាំងបញ្ជាក់ទៀតថា ប្រទេសកាណាដាមានការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីពង្រីក និងជំរុញបង្កើតកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតជាមួយប្រទេសកម្ពុជា។
ឯកឧត្តមអភិសន្តិបណ្ឌិត និងឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានផ្លាស់ប្ដូរយោបល់អំពីការត្រៀមលក្ខណៈរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំងដែលក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដា បរិយាកាសសន្តិសុខសម្រាប់ធុរជនកាណាដា ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ឯកឧត្តមឯកអគ្គរដ្ឋទូតកាណាដា បានមានប្រសាសន៍កោតសរសើរ និងផ្ដល់ការលើកទឹកចិត្តខ្ពស់ ជូនរាជរដ្ឋាភិបាលនិយាយជារួម និងដោយឡែកក្រសួងមហាផ្ទៃ ក្នុងនាមជាសេនាធិការស្នូល ដែលឯកឧត្តមបានកត់សម្គាល់ថា ពិតជាបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះការងារនេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត សង្កត់ធ្ងន់ដែរថា ទោះបីមជ្ឈដ្ឋានអន្តរជាតិខ្លះវាយតម្លៃបែបណាក៏ដោយ ប៉ុន្តែកម្ពុជាខ្លួនឯងដឹងច្បាស់អំពីបញ្ហានេះ ពោលគឺត្រូវតែបោសសម្អាតដើម្បីស្ដារកិត្តិយស និងរួមចំណែកការពារសុវត្ថិភាពសម្រាប់មនុស្សជាតិ៕

