អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រៀមដំណើរទស្សនកិច្ចទៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន!

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យការរៀបចំឯកសារ និងត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រតិភូខេត្តកំពង់ចាម ទៅកាន់ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ដែលជាខេត្តសម្ព័ន្ធមេត្រីភាព នៅដើមខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ តបតាមការអញ្ជើញរបស់អភិបាលខេត្តហៃណាន។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំតូច សាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។

តាមគម្រោង ដំណើរទស្សនកិច្ចនេះមានរយៈពេល ៥ថ្ងៃ ៤យប់ ដោយមានប្រតិភូអមដំណើររួមមានថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាព និងមន្ត្រីជំនាញ។ ក្នុងអំឡុងពេលនោះ ប្រតិភូនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តហៃណាន ព្រមទាំងចុះទស្សនកិច្ចតាមស្ថាប័ន និងទីតាំងសំខាន់ៗ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ។

ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តកំពង់ចាម និងខេត្តហៃណាន ព្រមទាំងជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហការលើវិស័យកសិកម្ម សុខាភិបាល វិនិយោគ និងវិស័យពាក់ព័ន្ធផ្សេងៗទៀត។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិនិត្យលើការត្រៀមលក្ខណៈ និងបញ្ហាប្រឈមនានា ដើម្បីធានាឱ្យដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅដោយរលូន សម្រេចបាននូវជំនួបផ្លូវការរវាងថ្នាក់ដឹកនាំខេត្តទាំងពីរ និងនាំមកនូវលទ្ធផលជាក់ស្តែងសម្រាប់ការអភិវឌ្ឍខេត្តកំពង់ចាម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *