ក្រសួងទេសចរណ៍ រៀបចំវេទិកាផ្គូផ្គងឱកាសការងារក្នុងវិស័យទេសចរណ៍ ឆ្នាំ២០២៦ នៅខេត្តសៀមរាប

ខេត្តសៀមរាប: នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមក្នុងវេទិកាផ្គូផ្គងឱកាសការងារក្នុងវិស័យទេសចរណ៍ ឆ្នាំ២០២៦ នៅខេត្តសៀមរាប (Employment Matching Forum 2026) នៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ក្រុងសៀមរាប ដោយវេទិកានេះ មានការចូលរួមពីក្រុមហ៊ុនប្រមាណ១០០ ផ្ដល់ឱកាសការងារប្រមាណ ៥ ០០០ កន្លែង សម្រាប់យុវជន និងអ្នកស្វែងរកការងារក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ក្នុងឱកាសនោះ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានលើកទឹកចិត្តដល់ប្អូនៗយុវជន យុវនារីទាំងអស់ ឱ្យខិតខំសិក្សារៀនសូត្រ បន្តអភិវឌ្ឍជំនាញវិជ្ជាជីវៈ ជំនាញភាសាបរទេស និងសមត្ថភាពទំនាក់ទំនង ព្រមទាំងត្រៀមខ្លួនឱ្យបានល្អក្នុងការចូលរួមសម្ភាសន៍ការងារ។ លោកក៏បានអំពាវនាវដល់ក្រុមហ៊ុន សហគ្រាស និងអាជីវកម្មពាក់ព័ន្ធ បន្តចូលរួមផ្ដល់ឱកាសការងារ កម្មសិក្សា និងការបណ្តុះបណ្តាលជាក់ស្ដែង ដើម្បីជួយអភិវឌ្ឍធនធានមនុស្សក្នុងស្រុកឱ្យកាន់តែមានសមត្ថភាព។ ក្នុងនាមរដ្ឋបាលខេត្ត លោកបានបង្ហាញគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ និងគ្រប់ដៃគូពាក់ព័ន្ធ ក្នុងការជំរុញការបណ្តុះបណ្តាលជំនាញ ការបង្កើតការងារ និងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍។

លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ ក្រសួងទេសចរណ៍ បានបង្ហាញថា បច្ចុប្បន្នយន្តការជាគន្លឹះរបស់ក្រសួង គឺផ្ដោតលើការបណ្តុះបណ្តាលអ្នកជំនាញថ្មី ការពង្រឹងសមត្ថភាពបុគ្គលិកដែលកំពុងបម្រើការងារ និងការទទួលស្គាល់គុណវុឌ្ឍរបស់អ្នកជំនាញ។ ជាមួយគ្នានេះ ការបណ្តុះបណ្តាលគឺផ្អែកលើសមត្ថភាព ការហ្វឹកហាត់នៅកន្លែងធ្វើការ និងការវាយតម្លៃជាក់ស្ដែង ជួយឱ្យអ្នកសិក្សា អាចយកចំណេះដឹងទៅប្រើប្រាស់ក្នុងការងារ និងឆ្លើយតបនឹងតម្រូវការរបស់សហគ្រាស ទេសចរណ៍។

ថ្លែងបើកវេទិកា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា វេទិកានេះ រៀបចំឡើងដើម្បីឆ្លើយតបនឹងតម្រូវការកាន់តែខ្ពស់របស់និយោជកចំពោះ តម្រូវការកម្លាំងពលកម្មជំនាញក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចក្នុងគោលបំណងបង្កើតឱកាសឱ្យអ្នកស្វែងរកការងារបានជួប និងភ្ជាប់ ទំនាក់ទំនងដោយផ្ទាល់ជាមួយនិយោជកក្នុងប្រព័ន្ធការងារផ្លូវការ ដោយផ្ដោតជាពិសេស លើវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ ព្រមទាំងចូលរួមពីនិយោជកក្នុងវិស័យផ្សេងៗ ទៀតនៃសេដ្ឋកិច្ចកម្ពុជា។ លើសពីនេះ កម្មវិធីនឹងពង្រីកបណ្ដាញជ្រើសរើសបុគ្គលិក តាមរយៈការប្រមូលផ្ដុំនិយោជកដោយផ្ទាល់ និងទីភ្នាក់ងារជ្រើសរើសបុគ្គលិកដែលមាន វិជ្ជាជីវៈនៅទីតាំងតែមួយ ព្រមទាំងផ្ដល់វេទិកាដល់ស្ថាប័នរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ដើម្បីចូលរួមផ្សព្វផ្សាយ និងបង្កើនការប្រាស្រ័យទាក់ទងជាមួយសាធារណជនផងដែរ។

ឯកឧត្តម បញ្ជាក់ថា ការអនុវត្តគុណវុឌ្ឍជាតិកម្ពុជា និង គុណវុឌ្ឍអាស៊ាន នឹងជួយកំណត់ស្ដង់ដាររួមសម្រាប់កម្មវិធីសិក្សា ការបណ្តុះបណ្តាល និង ការវាយតម្លៃសមត្ថភាព។ ក្របខណ្ឌទាំងនេះក៏ជួយឱ្យគុណវុឌ្ឍរបស់អ្នកជំនាញមានភាព ច្បាស់លាស់ អាចប្រៀបធៀបបាន និងគាំទ្រការទទួលស្គាល់ជំនាញក្នុងតំបន់អាស៊ាន។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគល់វិញ្ញាបនបត្រជាផ្លូវការដែលទទួលស្គាល់ជាគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ នៃសេវាកម្មសណ្ឋាគារ ស្របតាមស្ដង់ដារសមត្ថភាពអាស៊ានដល់សិក្ខាកាម ចំនួន ១៤២រូប និងសិក្ខាកាម ១០០រូប ដែលបាន បញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជំនាញម៉ាស្សា ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *