អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យមាតាបិតា អាណាព្យាបាល នាំកូនចៅមកចុះឈ្មោះចូលរៀន និងផ្តល់ការគាំទ្រ លើកទឹកចិត្តឱ្យខិតខំរៀនសូត្រ

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលគ្រប់រូប សូមនាំកូនចៅមកចុះឈ្មោះចូលរៀន ព្រមទាំងផ្តល់ការគាំទ្រ លើកទឹកចិត្ត និងជួយបង្រៀនបន្ថែមតាមគ្រប់រូបភាព ដោយត្រូវយកចិត្តទុកដាក់ជំរុញ និងដាស់តឿនឱ្យពួកគាត់ខិតខំរៀនសូត្រជាប្រចាំ។ ការអំពាវនាវនេះ បានធ្វើឡើងក្នុងពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៦-២០២៧ និងទិវាដឹងគុណគ្រូបង្រៀន ដែលប្រារព្ធធ្វើឡើងនៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ និងកសាងខ្លួនឱ្យក្លាយជា «កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ» ព្រមទាំងត្រូវចៀសវាងការប្រព្រឹត្តអំពើមិនគប្បីទាំងឡាយ ដែលជាក្តីកង្វល់ក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។

ឯកឧត្តមបានបញ្ជាក់ថា ក្មួយៗត្រូវចងចាំថា ខ្លួនគឺជាអ្នកកាន់កូនសោសម្រាប់បើកជោគវាសនារបស់ខ្លួននាពេលអនាគត ហើយមានតែការអប់រំ និងចំណេះដឹងប៉ុណ្ណោះ ដែលអាចបើកផ្លូវឱ្យក្មួយៗទាំងអស់ទទួលបានអនាគតដ៏រុងរឿង។
ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវដើរតួនាទីជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត។

ទន្ទឹមនឹងនេះ ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំ ទាំងផ្នែកចំណេះដឹង វិធីសាស្ត្របង្រៀន ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានស្នើដល់មន្ទីរអប់រំ និងគ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវខិតខំពង្រីកសក្តានុពលរបស់ខ្លួន ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត ដើម្បីឱ្យសាលារៀនរបស់យើងក្លាយជាសាលាកុមារមេត្រី សាលារៀនកម្រិតអភិវឌ្ឍន៍ សាលារៀនជំនាន់ថ្មី និងសាលារៀនគំរូ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។
ជាពិសេស ត្រូវបន្តលើកកម្ពស់សុខភាពសិក្សា និងសុខុមាលភាពរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *