ខេត្តបាត់ដំបង: យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ថា សម្តេចបានអញ្ជើញជួបសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងកញ្ចប់ស្បៀងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនួន ១០.៧០០ គ្រួសារ ក្នុងខេត្តបាត់ដំបង។
ជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបងបានបង្កផលប៉ះពាល់ដល់ក្រុង ស្រុកចំនួន ១៤ ស្មើនឹង ៨៨ ឃុំ សង្កាត់ និងបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់វិស័យកសិកម្ម លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងគ្រាដ៏លំបាកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ជាបន្ទាន់ ដោយយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដែលបានចាត់ចែងកម្លាំង និងមធ្យោបាយជួយសង្គ្រោះប្រជាពលរដ្ឋ ជម្លៀសអ្នកដែលប្រឈមនឹងគ្រោះថ្នាក់ទៅកាន់ទីទួលមានសុវត្ថិភាព ព្រមទាំងផ្តល់ជំនួយសង្គ្រោះបន្ទាន់ រួមមានស្បៀងអាហារ ថវិកា និងសម្ភារៈចាំបាច់នានា ដើម្បីសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ៕

