រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធពិធីថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ

ខេត្តបាត់ដំបង៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ យុវជន និងសិស្សានុសិស្សប្រារព្ធពិធីថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ។ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦។

តាមរយៈអំណានសារលិខិតថ្វាយព្រះពរ ឯកឧត្តម សុខ លូ មានប្រសាសន៍ថា« បពិត្រព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!ក្នុងព្រះរាជវរោកាសដ៏មហាសិរីមង្គលបវរប្រសើរថ្លៃថ្លាឧត្តុង្គឧត្តម និងពោរពេញដោយសេចក្តីសោមនស្សរីករាយជាទីបំផុត នៃព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលនឹងប្រព្រឹត្តទៅនៅថៃ្ងព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជានុរាស្ត្រទូទាំងខេត្តបាត់ដំបង សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត លំឱនកាយចំពោះព្រះមហាករុណាទិគុណ និងសូមក្រាបបង្គំទូលថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ សិរីមង្គល បវរសួស្ដី វិបុលសុខ មហាប្រសើរគ្រប់ប្រការ ប្រកបដោយកតញ្ញូតាធម៌ និងកតវេទិតាធម៌ដ៏ស្មោះស្ម័គ្រជាទីបំផុតថ្វាយព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គទ្រង់មានព្រះរាជកាយពលមាំមួនខ្លាំងក្លា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយ៉ឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ គ្រងព្រះបរមសិរីរាជសម្បត្តិដ៏ជាម្លប់ត្រជាក់ត្រជំសុខដុមរមនា ចម្រុងចម្រើន រុងរឿងថ្កុំថ្កើងជាភិយ្យោភាពតរៀងទៅ»។

ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គតែងតែយកព្រះទ័យទុកដាក់អស់ពីកម្លាំងព្រះកាយពល ព្រះបញ្ញាញាណ ក្នុងការបំពេញព្រះរាជកិច្ចប្រកបដោយព្រះគុណធម៌ ព្រះព្រហ្មវិហារធម៌ និងព្រះទសពិធរាជធម៌ដ៏ឧត្តុង្គឧត្តមថ្លៃថ្លាបំផុត ព្រមទាំងជាព្រះរាជមគ្គទេសក៍ពេញដោយព្រះគតិបណ្ឌិតឈ្លាសវៃបំផុត ក្នុងវិស័យសាសនា អប់រំសិក្សាធិការ សង្គមកិច្ច សុខុមាលភាព និងកិច្ចការ បរទេសធ្វើឱ្យប្រទេសជាតិមានភាពរុងរឿងរីកចម្រើនជឿនលឿនលើគ្រប់វិស័យប្រកបដោយសុខសន្តិភាព និងភាពសុខដុមរមនា ព្រមទាំងបានលើកកម្ពស់កិត្យានុភាពជាតិឱ្យមានភាពល្បីល្បាញលើសកលលោក។

ឯកឧត្តម សង្កត់ធ្ងន់ថា បន្ថែមលើនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គតែងតែបំពេញនូវព្រះរាជតួនាទីដ៏ឧត្ដុង្គឧត្តមថ្លៃថ្លា ជានិមិត្តរូបនៃឯកភាពជាតិ វឌ្ឍនភាព ការបង្រួបបង្រួមជាតិ និងនិរន្តរភាពជាតិ ព្រមទាំងធ្វើឱ្យប្រជានុរាស្ត្ររបស់ព្រះអង្គបានរស់នៅក្នុងជីវភាពសុខដុមរមនា រុងរឿងរីកចម្រើន និងភាពសម្បូណ៍សប្បាយឥតឈប់ឈរ។

ស្ថិតក្នុងឱកាសដ៏មហានក្ខត្តឫក្សបវរប្រសើរថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកអញ្ជលីប្រណមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រះបារមីនៃទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ្ឋ” សូមតាមជួយទ្រទ្រង់ ថែរក្សា ការពារ និងអភិបាល ប្រោះព្រំនូវព្រះរាជសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះ ព្រះករុណាថ្លៃវិសេស ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់សមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *