ឯកឧត្តមបណ្ឌិត គុណ ញឹម បានដឹកនាំកិច្ចប្រជុំទ្វេភាគីជាមួយគណៈប្រតិភូនៃរដ្ឋបាលគយវៀតណាម

ភ្នំពេញ: នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានដឹកនាំកិច្ចប្រជុំទ្វេភាគីជាមួយគណៈប្រតិភូនៃរដ្ឋបាលគយវៀតណា ដែលដឹកនាំដោយ ឯកឧត្តម Nguyen Van Tho អគ្គនាយក នៃរដ្ឋបាលគយវៀតណាម ក្នុងគោលបំណងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយនៃប្រទេសទាំងពីរ។ នៅក្នុងកិច្ចប្រជុំទ្វេភាគីនេះ រដ្ឋបាលគយទាំងពីរបានផ្លាស់ប្តូរព័ត៌មាន និងជម្រាបអំពីវឌ្ឍនភាពនៃការអនុវត្តការងាររបស់រដ្ឋបាលគយនៃប្រទេសទាំងពីរ លើការប្រមូលចំណូលពន្ធនិងអាករ កិច្ចសម្រួលពាណិជ្ជកម្ម ការងារកែទម្រង់ និងទំនើបកម្មគយ ការបង្ការនិងបង្រ្កាបបទល្មើសឆ្លងដែន និងកិច្ចសហប្រតិបត្តិការគយជាដើម។

ទន្ទឹមនេះ ភាគីទាំងពីរបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់លើការអនុវត្តផែនការកិច្ចសហប្រតិបត្តិការរបស់រដ្ឋបាលគយនៃប្រទេសទាំងពីរ នាឆ្នាំ២០២៥ និង២០២៦ បានជោគជ័យនិងវឌ្ឍនភាពល្អអនុលោមតាមក្របខណ្ឌកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរ រួមមាន៖ អនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខានាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម និងកំណត់ហេតុកិច្ចប្រជុំទ្វេភាគីរវាងរដ្ឋបាលគយទាំងពីរកាលពីខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ជាលទ្ធផល រដ្ឋបាលគយនៃប្រទេសទាំងពីរបានឯកភាពគ្នាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១.​បន្តសហការគ្នាជិតស្និទ្ធដើម្បីអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ និងពង្រឹងយន្តការមន្ត្រីទំនាក់ទំនង (Focal points) ជាប្រចាំ ដើម្បីផ្លាស់ប្តូរព័ត៌មានទាំងក្នុងកម្រិតអគ្គនាយកដ្ឋាន និងនៅមាត់ច្រកព្រំដែន។

២. បន្តពង្រឹងកិច្ចសហការ និងសហប្រតិបត្តិការរវាងរដ្ឋបាលគយទាំងពីរ និងពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងទំនិញឆ្លងកាត់ ដោយផ្តោតសំខាន់លើការផ្លាស់ប្តូរព័ត៌មាន ដើម្បីវាយតម្លៃហានិភ័យនៃទំនិញនាំចេញ នាំចូល ឬឆ្លងកាត់ និងមធ្យោបាយដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសវៀតណាម ដែលកិច្ចការទាំងអស់នេះ នឹងអាចចូលរួមចំណែកសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២០ប៊ីលានដុល្លារអាម៉េរិក នាពេលប៉ុន្មានឆ្នាំខាងមុខ ដូចដែលបានកំណត់គោលដៅ និងរំពឹងទុកដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។

៣. បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបង្ការទប់ស្កាត់ទំនិញរត់គេចពន្ធ សារធាតុគ្រឿងញៀន និងទំនិញឆ្លងដែនខុសច្បាប់ផ្សេងទៀត និងពង្រឹងយន្តការផ្លាស់ប្តូរព័ត៌មានសម្ងាត់។ បន្តគាំទ្រគ្នាអនុវត្តប្រតិបត្តិការរួមគ្នាដើម្បីប្រឆាំង និងទប់ស្កាត់ទំនិញរត់គេចពន្ធ និងទំនិញខុសច្បាប់ឆ្លងកាត់ព្រំដែន។

៤. បន្តពង្រឹងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ កិច្ចសម្របសម្រួល និងផ្លាស់ប្តូរព័ត៌មាន រវាងសាខាគយនិងរដ្ឋាករខេត្តជាប់ព្រំដែនទល់មុខគ្នា ដោយបានកំណត់ការរៀបចំកិច្ចប្រជុំ ប្តូរវេនគ្នា ៦ខែម្តង តាមការចាំបាច់។

៥. អនុវត្តឱ្យមានប្រសិទ្ធភាពលើផែនការសកម្មភាពសហប្រតិបត្តិការរវាងរដ្ឋបាលគយ នៃប្រទេសទាំងពីរ ឆ្នាំ២០២៧ និង២០២៨ (រៀបចំផ្លាស់ប្តូរបទពិសោធលើការត្រួតពិនិត្យគយនៅអាកាសយានដ្ឋានអន្តរជាតិ ផ្លាស់ប្តូរបទពិសោធលើប្រព័ន្ធគ្រប់គ្រងហានិភ័យសម្រាប់ផ្ទៀងផ្ទាត់វិញ្ញាបនបត្រដើមកំណើតទំនិញ, ផ្លាស់ប្តូរបទពិសោធលើការងារកែទម្រង់ និងទំនើបកម្មគយ, រៀបចំវេទិកាគយរួមគ្នាសម្រាប់សមាគមន៍ធុរកិច្ចវៀតណាមនៅកម្ពុជា, រៀបចំទស្សនកិច្ចសិក្សាលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក, រៀបចំទស្សនកិច្ចសិក្សាលើសវនកម្មក្រោយពេលបញ្ចេញទំនិញ និងការគ្រប់គ្រងសហគ្រាសកែច្នៃសម្រាប់ការនាំចេញ រៀបចំកិច្ចប្រជុំទ្វេភាគីគយព្រំដែនលើកទី៨ និងលើកទី៩ និងរៀបចំកិច្ចប្រជុំទ្វេភាគីកម្រិតអគ្គនាយកគយ)។

៦. បន្តសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីសិក្សាពិនិត្យលទ្ធភាពអនុវត្តយន្តការត្រួតពិនិត្យរួមគ្នាតែមួយដង នៅច្រកព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ។

៧. គាំទ្រគ្នាទៅវិញទៅមកលើការងារគយលើឆាកអន្តរជាតិ តំបន់ និងពហុភាគី (GMS, ASEAN, ASEM, WCO, WTO) ព្រមទាំងយន្តការសហប្រតិបត្តិការផ្សេងទៀត។

៨. រៀបចំកិច្ចប្រជុំទ្វេភាគីកម្រិតអគ្គនាយកគយបន្ទាប់ នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២៨។

ឆ្លៀតក្នុងឱកាសនោះដែរ បន្ទាប់ពីកិច្ចប្រជុំ គណៈប្រតិភូគយវៀតណាម បានចុះទស្សនកិច្ចនៅ (១).នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីស្វែងយល់ពីប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងបច្ចេកវិទ្យាត្រួតពិនិត្យរបស់អគរ (២).ការិយាល័យគយនិងរដ្ឋាករតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងក្រុមហ៊ុន Angkor Diary Products Co., Ltd ដែលបានវិនិយោគ និងប្រតិបត្តិការផលិតទឹកដោះគោ ដ៏ធំនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងបានស្វែងយល់ពីការអនុវត្តនីតិវិធីគយពិសេសនិងកិច្ចសម្រួលពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនក្នុងតំបន់សេដ្ឋកិច្ចពិសេស និង(៣).នាយកដ្ឋានគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ ដើម្បីស្វែងយល់ពីនីតិវិធីត្រួតពិនិត្យអ្នកធ្វើដំណើរតាមផ្លូវអាកាសរបស់រដ្ឋបាលគយកម្ពុជា ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនិងប្រតិបត្តិការរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ ផងដែរ។ គណៈប្រតិភូគយវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការងារកែទម្រង់ និងទំនើបកម្មគយ ការគ្រប់គ្រងហានិភ័យ កិច្ចសម្រួលពាណិជ្ជកម្ម ការផ្តល់សេវាសាធារណៈ និងបានកោតសរសើពីហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានលក្ខណៈស្តង់ដារអន្តរជាតិ។

កិច្ចប្រជុំ និងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូគយវៀតណាមនៅកម្ពុជាបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយស្និទ្ធស្នាលជាមិត្តភាព សហការខ្ពស់ និងបានបញ្ចប់ទៅដោយទទួលបាននូវលទ្ធផលប្រកបដោយផែ្លផ្កា។

Screenshot
Screenshot

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *