អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យសំណង់ទ្វារទឹក ការដាំដើមឈើ និងការបំពាក់បង្គោលភ្លើងសូឡា នៅទំនប់ជ្រោយចេក

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពសំណង់ទ្វារទឹក ការដាំដើមឈើ និងការដាក់ដាំបង្គោលភ្លើងសូឡា នៅទំនប់ជ្រោយចេក ស្ថិតក្នុងឃុំទ្រាន និងឃុំស្រក ស្រុកកំពង់សៀម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ទំនប់ជ្រោយចេក គឺជាប្រភពស្តុកទឹកដ៏មានសារៈសំខាន់ សម្រាប់បម្រើដល់វិស័យកសិកម្ម ការស្រោចស្រពដំណាំ និងការប្រើប្រាស់ទឹកក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ជាពិសេស ទំនប់នេះបានចូលរួមចំណែកក្នុងការរក្សាតុល្យភាពធនធានទឹក និងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព។ ដោយឡែក ចំពោះសក្តានុពលទេសចរណ៍ ទំនប់ជ្រោយចេកមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត ជាមួយនឹងផ្ទៃទឹកដ៏ធំល្វឹងល្វើយ និងបរិយាកាសដ៏ស្រស់បំព្រង ដែលមានសក្តានុពលក្នុងការអភិវឌ្ឍជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងជាកន្លែងកម្សាន្តសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ សក្តានុពលទាំងនេះ ក៏អាចជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែប្រសើរឡើងផងដែរ។

បើតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រជ្រោយចេក ស្ថិតនៅឃុំទ្រាន និងឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ទំនប់ជ្រោយចេកមានប្រភពទឹកពីទន្លេមេគង្គ និងទឹកភ្លៀង ហើយអាចស្តុកទឹកបានប្រមាណ ៩លានម៉ែត្រគូប។ ទំនប់នេះមានប្រវែង ១.៩៤៣ម៉ែត្រ ប្រឡាយមេមានប្រវែង ១.៧៨៦ម៉ែត្រ និងប្រឡាយរងមានប្រវែង ៣.៦០២ម៉ែត្រ។ លើសពីនេះ មានសំណង់ទ្វារទឹកចំនួន ២កន្លែង និងសំណង់ចែកចាយទឹកចំនួន ១០កន្លែង ដែលអាចស្រោចស្រពលើផ្ទៃដីស្រែប្រាំងប្រមាណ ១.១១៦ហិកតា។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *