ក្រុមប្រឹក្សាខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុកស្រីស្នំ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងដោះស្រាយជូនប្រជាពលរដ្ឋ

ខេត្តសៀមរាប:  ក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានដំណើរការវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ អាណត្តិទី៤ ឆ្នាំ២០២៦ គោលដៅទី១ នៅវត្តកោះប្រាសាទប្រិយ៍ (ហៅវត្តប្រិយ៍) ស្ថិតនៅភូមិប្រិយ៍១ ឃុំប្រិយ៍ ស្រុកស្រីស្នំ ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឌី រ៉ាដូ អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម នូ ផល្លា តំណាងរាស្រ្តមណ្ឌលសៀមរាប ព្រះចៅអធិការ ឯកឧត្តម លោកជំទាវជាសមាជិក សមាជិការក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងសិស្សានុសិស្ស និង ប្រជាពលរដ្ឋក្នុងមូលដ្ឋានច្រើនកុះករ។

លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានឡើងអានរបាយការណ៍សង្ខេបស្តីពីសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប រួមមាន ការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ការដោះស្រាយសំណើកែតម្រូវទិន្នន័យបញ្ជីអត្រានុកូលដ្ឋាន ការផ្ដល់សេវាតាមរយៈអង្គភាពច្រកចេញតែមួយ និងការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ។

ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ គឺជាការអនុវត្តជាក់ស្ដែងនៃការការពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ដូចមានចែងក្នុងយុទ្ធសាស្ត្រអាទិភាពទាំង៥ របស់ខេត្ត ដែលបង្ហាញពីភាពជិតស្និទ្ធរវាងថ្នាក់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល។

បន្ថែមពីលើនេះ ឯកឧត្តម លី សំរិទ្ធ ណែនាំដល់ប្រជាពលរដ្ឋ និងយុវជនទាំងអស់ ឱ្យទៅសិក្សារៀនសូត្រជំនាញបន្ថែមនៅ វិទ្យាស្ថានពហុបច្ចេកទេសអង្គរ ដែលពុំមានការបង់ប្រាក់ ឥតគិតថ្លៃ ដោយមានការបណ្តុះបណ្តាលយ៉ាងល្អប្រសើរ និងមានជំនាញពិតប្រាកដសម្រាប់យកទៅប្រកបមុខរបរ។

ឯកឧត្តម ក៏បានបើកឱកាសឱ្យមន្ត្រីជំនាញមកធ្វើការផ្សព្វផ្សាយពាក់ព័ន្ធនឹង បេឡាជាតិសន្តិសុខសង្គម ប.ស.ស. ស្ដីពីការធានារ៉ាប់រងសុខភាព ដោយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលមានអាយុពី ១៨ ដល់ ៦០ឆ្នាំ ចូលរួមជាសមាជិក ប.ស.ស. តាមរយៈការទៅចុះឈ្មោះនៅខេត្តសៀមរាប ដោយគ្រាន់តែបង់ភាគទានត្រឹមតែ ១៥.៦០០រៀលក្នុង១ខែ សម្រាប់បុគ្គលស្វ័យនិយោគ ដែលទទួលបានអត្ថប្រយោជន៍ជាច្រើនពីការចូលជាសមាជិកបសសផងដែល។

សូមជម្រាបថា វេទិកានាពេលនេះដែរ ក្រុមការងារទទួលបាននូវសំណួរ និងសំណូមពរចំនួន១៣ ដែលត្រូវបាន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីជំនាញធ្វើការស្រាយបំភ្លឺជូនប្រជាពលរដ្ឋភ្លាមៗផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *