ប្រជាពលរដ្ឋ ១៣គ្រួសារ មកពី ៩ ក្រុង ស្រុកត្រូវទទួលដីតាមរយៈកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាពគម្រោងទី១ ពីរាជរដ្ឋាភិបាល

ខេត្តសៀមរាប: ក្រោមការណែនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៦ លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានរៀបចំដឹកនាំក្រុមការងារខេត្តជួយសម្របសម្រួលប្រជាពលរដ្ឋ ១៣គ្រួសារ ស្មើនឹង ៥៩នាក់ មកពី ៩ ក្រុង ស្រុក នៃខេត្តសៀមរាប ដែលមានសិទ្ធិទទួលបានដីឡូតិ៍ និងផ្ទះ នៅក្នុងភូមិសាស្ត្រឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្នុងគម្រោងទីមួយ នៃកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព (ផ.ក.អ)។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំរថយន្តចំនួន ៦ គ្រឿងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ និងរថយន្តដឹកសម្ភារ ចំនួន ៣គ្រឿង ទៅឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បីទទួលគម្រោងខាងលើ។

ទន្ទឹមនឹងការជូនបងប្អូនប្រជាពលរដ្ឋនាទាំង ១៣ គ្រួសារ ទៅរស់នៅទីតាំងថ្មីក្នុងឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនទៅដល់ប្រជាពលរដ្ឋទាំងគ្រួសារទាំង១៣ ដែលត្រូវទៅរស់នៅទីតាំងថ្មី ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ២០ម៉ឺនរៀល ត្រីខ ២យួរ អង្ករ ២៥គីឡូ ទឹកស៊ីអ៉ីវ ១យួរ ទឹកត្រី ១យួរ ប៊ីចេង ១គីឡូ អំបិល ១គីឡូ មី ២កេស និងទឹកបរិសុទ្ធ ២កេស។

សូមបញ្ជាក់បន្ថែមថា ប្រតិភូខេត្តសៀមរាប ដឹកនាំដោយលោក ហែន ពុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប នឹងដឹកជញ្ជូនប្រជាពលរដ្ឋដោយធ្វើដំណើរចេញពីខេត្តសៀមរាបនៅវេលាម៉ោង ៤ និង ៣0 នាទីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *