រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិស ស្តីពីការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន

ខេត្តពោធិ៍សាត់៖ នៅសាលប្រជុំ ទេព ឧកញ្ញា ឃ្លាំង មឿង នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិស ស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន» ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់។

ពិធីនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូ លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំអង្គភាពសាលាដំបូងខេត្ត លោកស្នងការរង លោកនាយការិយាល័យ លោកអធិការ និងអធិការរង លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក លោកមេឃុំ ចៅសង្កាត់ លោកនាយ និងនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានមានប្រសាសន៍ស្វាគមន៍គណៈអធិបតី គណៈប្រតិភូ និងសិក្ខាកាមទាំងអស់ ព្រមទាំងបានលើកឡើងពីសារៈសំខាន់នៃការរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិសនេះ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន ព្រមទាំងលើកកម្ពស់សមត្ថភាពមន្ត្រីដែលមានតួនាទីក្នុងការប្រមូល គ្រប់គ្រង និងផ្សព្វផ្សាយព័ត៌មានឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការបណ្តុះបណ្តាលនេះផ្តោតសំខាន់លើការពង្រឹងយន្តការគ្រប់គ្រង និងប្រមូលព័ត៌មាន ការលើកកម្ពស់សមត្ថភាពមន្ត្រីអ្នកនាំពាក្យ ការពង្រឹងសមត្ថភាពឆ្លើយតបចំពោះព័ត៌មានមិនប្រក្រតី ការជំរុញកិច្ចសហការក្នុងការប្រមូល និងផ្តល់ព័ត៌មាន ព្រមទាំងការភ្ជាប់ទំនាក់ទំនងក្នុងការផ្សព្វផ្សាយព័ត៌មាន ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

វគ្គបណ្តុះបណ្តាលតម្រង់ទិសនេះ គឺជាឱកាសដ៏សំខាន់សម្រាប់មន្ត្រីពាក់ព័ន្ធក្នុងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងពង្រឹងការសម្របសម្រួលការងាររវាងអង្គភាពនានា ដើម្បីធានាឱ្យការគ្រប់គ្រង និងផ្សព្វផ្សាយព័ត៌មានរបស់ស្ថាប័នរដ្ឋមានភាពច្បាស់លាស់ ត្រឹមត្រូវ ទាន់ពេលវេលា និងមានប្រសិទ្ធភាព រួមចំណែកលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងបង្កើនទំនុកចិត្តលើការងាររបស់រដ្ឋបាលសាធារណៈ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *