អភិបាលខេត្តកំពង់ចាម អញ្ជើញជូនដំណើរប្រជាពលរដ្ឋ ៦៣គ្រួសារ ដែលទទួលបានដី និងផ្ទះ តាមរយៈកម្មវិធី «ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នៅខេត្តស្ទឹងត្រែង

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរបងប្អូនប្រជាពលរដ្ឋចំនួន ៦៣គ្រួសារ ដែលទទួលបានដីធ្លី និងផ្ទះ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកម្មវិធី «ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» (ផ.ក.អ)។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រធានកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋទាំង ៦៣គ្រួសារ ជាការជូនដំណើរ បងប្អូនប្រជាពលរដ្ឋទាំង ៦៣ គ្រួសារ ដែលត្រូវអញ្ជើញទៅកាន់តាំងទីលំនៅដ្ឋានថ្មី ស្ថិតក្នុងភូមិសាស្ត្រអូរសាវ ឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ហើយនៅថ្ងៃទី២៧ តុលា នេះ ឯកឧត្តម អភិបាលខេត្ត ក៏បានចាត់ អភិបាលរងខេត្ត ចំនួន ២នាក់ និងក្រុមការងារផ្សេងទៀត ធ្វើការដឹកនាំបងប្អូនទាំង ៦៣ គ្រួសារ ទៅដល់ទីតាំងតែម្តង។

គួររំលឹកថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ក្រោមការអនុវត្តកម្មវិធី «ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» (ផ.ក.អ) ជាគម្រោងទី១។

គួរបញ្ជាក់ថា ការអនុវត្តកម្មវិធី «ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» (ផ.ក.អ) នេះ មានគោលបំណងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើតឱកាសសម្រាប់ការអភិវឌ្ឍជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គោលបំណងសំខាន់នៃកម្មវិធីនេះ គឺការផ្សារភ្ជាប់ការការពារព្រៃឈើជាមួយនឹងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការរៀបចំ និងការផ្តល់ដីស្របតាមគោលនយោបាយ និងច្បាប់ជាធរមាន ដើម្បីរួមចំណែកសម្រេចឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន ប្រកបដោយចីរភាព៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *