ខេត្តពោធិ៍សាត់: ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តាមប្រពៃណីជាតិដ៏ផូរផង់, រដ្ឋបាលខេត្តពោធិ៍សាត់បានប្រកាសត្រៀមរៀបចំ ពិធីប្រណាំងទូក «ង» ថ្នាក់ខេត្ត លើកទី៦ ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃគឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ នៅតាមដងស្ទឹងពោធិ៍សាត់។ ព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានរៀបចំឡើងវិញ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រោមម្លប់នៃសុខសន្តិភាព បន្ទាប់ពីខកខានប្រារព្ធកាលពីឆ្នាំ២០២៥កន្លងទៅ ដោយសារតែមានបញ្ហាជម្លោះព្រំដែន ជាមួយប្រទេសថៃ។
ជាក់ស្តែងនាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលប្រជុំកោះសំពៅមាស សាលាខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការ ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការរៀបចំពិធី ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

