អភិបាលខេត្តបន្ទាយមានជ័យ ណែនាំអាជ្ញាធរស្រុកព្រះនេត្រព្រះ ត្រូវខិតខំបោសសម្អាតល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋាន!

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានណែនាំអាជ្ញាធរស្រុកព្រះនេត្រព្រះ ត្រូវខិតខំបោសសម្អាតល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន។

ការណែនាំរបស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ ឯកឧត្ដម ប្លែក វ៉ា រី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងឯកឧត្ដម ខេង ស៊ុម អ្នកតំណាង រាស្រ្តមណ្ឌលបន្ទាយមានជ័យ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូអគាររដ្ឋបាលស្រុកព្រះនេត្រព្រះ ជាសមិទ្ធិផលថ្មីដ៏ធំធេងមួយបន្ថែមទៀត ក្រោមជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា។

ពិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ អភិបាលស្រុក-ក្រុង ប្រធានក្រុមប្រឹក្សាស្រុក -ក្រុងទាំង៩ និងមន្ត្រីរាជការដែលរដ្ឋបាលស្រុក មេឃុំ មេភូមិ បានចូលរួមយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ជាពិសេសរដ្ឋបាលស្រុកព្រះនេត្រព្រះ លើការងារផ្តល់សេវារដ្ឋបាល សេវាសាធារណៈ ការងារសន្តិសុខ-សុវត្ថិភាព សណ្តាប់ធ្នាប់ និងការងារអភិវឌ្ឍន៍មូលដ្ឋានជូន ប្រជាពលរដ្ឋបានល្អប្រសើរ។

ឯកឧត្ដម អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំរដ្ឋបាលស្រុក ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ជំរុញការថែទាំឱ្យបានល្អ គង់វង្ស និងប្រើប្រាស់អគាររដ្ឋបាលថ្មី ព្រមទាំងទ្រព្យសម្បត្តិ ក៏ដូចជា ថវិកា សម្ភារៈ ឧបករណ៍នានារបស់រដ្ឋបាលស្រុក ប្រកបដោយគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពខ្ពស់, ពង្រឹង និងជំរុញបន្ថែមទៀត ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់, សូមឱ្យមន្រ្តីរាជការ ត្រូវបង្កើនការខិតខំបំពេញការងារ គោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ឱ្យបានខ្ជាប់ខ្ជួន ថ្លៃថ្នូរ និងបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។

មួយវិញទៀត ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការខិតខំជំរុញ និងរួមគ្នាអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យ និងប្រសិទ្ធភាព។ និងត្រូវខិតខំយកចិត្តទុកដាក់អនុវត្តក្នុងស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្ម ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា បទល្មើសគ្រប់ប្រភេទ-គ្រប់ទម្រង់ អំពើហិង្សា និងខិតខំបោសសម្អាតល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន។

សូមបញ្ជាក់ថា អគាររដ្ឋបាលស្រុកដ៏ថ្មីស្រឡាងនេះ មានទំហំ ៣៦ម៉ែត្រ គុណ ១៤ម៉ែត្រ កម្ពស់ ៣ជាន់ ចំណាយថវិកា ៣.៧១៦លានរៀល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *