(កំពង់ចាម)៖ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីក្រុងពាលី និងបួងសួងសុំសេចក្តីសុខ នៅវេទិកាអុំទូក ស្ថិតក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ដើម្បីសុំសេចក្តីសុខ និងសុវត្ថិភាពក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធ។
ការប្រារព្ធពិធីក្រុងពាលីនេះ មានគោលបំណងបួងសួងសុំសេចក្តីសុខ និងភាពរលូនក្នុងដំណើរការរៀបចំពិធីបុណ្យ ព្រមទាំងជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កីឡាករ អុំទូក ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលអញ្ជើញមកចូលរួមទស្សនាកម្សាន្ត។
ព្រឹត្តិការណ៍បុណ្យអុំទូកនៅក្រុងកំពង់ចាម នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដោយមានទូកចូលរួមប្រកួតសរុបចំនួន ១០០ ទូក ក្នុងនោះទូក «ង» ចំនួន ៥២ ទូក ស្មើនឹង ២៦ គូ និងទូកខ្នាតអន្តរជាតិចំនួន ៤៨ ទូក ស្មើនឹង ២៤ គូ។ កម្មវិធីនេះក៏មានការបណ្តែតប្រទីប និងអុចកាំជ្រួចតាមដងទន្លេមេគង្គ ក្នុងក្រុងកំពង់ចាមផងដែរ៕

