បានរៀបចំកម្មវិធីផ្សព្វផ្សាយគោលការណ៍ បទប្បញ្ញត្តិច្បាប់ អត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនបុគ្គលក្នុងវិស័យសាធារណៈក្នុងស្រុកស៊ីធរកណ្តាល

ខេត្តព្រៃវែង: នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦៖ រដ្ឋបាលស្រុកស៊ីធរកណ្តាល សហការជាមួយ សាខា ប.ស.ស ខេត្តព្រៃវែង បានរៀបចំកម្មវិធីផ្សព្វផ្សាយគោលការណ៍ បទប្បញ្ញត្តិច្បាប់ អត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនបុគ្គលក្នុងវិស័យសាធារណៈក្នុងស្រុកស៊ីធរកណ្តា ក្រោមអធិបតីភាព លោក វាសនា ជីវី ប្រធានសាខា ប.ស.ស. ខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, លោក យឹម យូគង់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ស៊ាន ចិន្តា អភិបាលនៃគណៈអភិបាលស្រុក ដោយមានសមាសភាពអញ្ជើញចូលរួមពី៖ លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក នាយក-នាយករងរដ្ឋបាលស្រុក ប្រធានការិយាល័យជំនាញចំណុះរដ្ឋបាលស្រុក មន្ត្រីនគរបាល មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំទាំង១១ ប្រធានមណ្ឌលសុខភាពឃុំទាំង១១ និងនាយក នាយិកា សាលាបឋមសិក្សា និងអនុវិទ្យាល័យ សរុបចំនួន ៨៩នាក់ ស្រី ២៤នាក់។

តាមរយៈកម្មវិធីផ្សព្វផ្សាយដ៏មានសារៈសំខាន់នេះ សមាជិក សមាជិកាបានទទួលនូវចំណេះដឹងថ្មីៗ និងការយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិ អត្ថប្រយោជន៍ និងការការពារសុខុមាលភាពបុគ្គលក្នុងវិស័យសាធារណៈ តាមរយៈការធានារ៉ាប់រងសន្តិសុខសង្គមនៅពេលជួបប្រទះហានិភ័យក្នុងពេលបំពេញការងារ ព្រមទាំងការទទួលបានសេវាថែទាំសុខភាព និងការគាំពារផ្នែកវេជ្ជសាស្ត្រស្របតាមលក្ខខណ្ឌកំណត់។ បន្ថែមពីលើនេះ អ្នកចូលរួមក៏បានជ្រួតជ្រាបកាន់តែច្បាស់អំពីគោលការណ៍ នីតិវិធី និងលក្ខខណ្ឌតម្រូវផ្សេងៗក្នុងការទទួលបានសេវាព្យាបាល និងថែទាំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលដៃគូ ព្រមទាំងការលើកកម្ពស់ការយល់ដឹងអំពីច្បាប់ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកពង្រឹង និងពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយជាតិស្តីពីការគាំពារសង្គមរបស់រាជរដ្ឋាភិបាល។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *