(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់, វិទ្យាស្ថានឧកញ៉ា ឃ្លាំង មឿង បានរៀបចំ «ពិធីប្រគល់លិខិតសរសើរ និងរង្វាន់ជូនសិស្សឆ្នើម ប្រចាំឆមាសទី២ ឆ្នាំសិក្សា ២០២៥-២០២៦ ព្រមទាំងបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧» យ៉ាងមហោឡារិក ក្រោមអធិបតីភាព លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់។
បើតាម លោក លាង សត្ថា ប្រធានវិទ្យាស្ថានឧកញ៉ា ឃ្លាំង មឿង បានឱ្យដឹងថា វិទ្យាស្ថានបានចាប់ផ្ដើមទទួលសិស្សឱ្យចូលរៀនដំបូងតាំងពីឆ្នាំសិក្សា ២០០២-២០០៣មកម៉្លេះ។ គិតចាប់ពីឆ្នាំ២០០២ រហូតដល់បច្ចុប្បន្ន គឺមានរយៈពេល ២៤ឆ្នាំហើយ ដែលមានសិស្សានុសិស្ស កំពុងសិក្សាសរុបចំនួន៨៨៤នាក់។ សម្រាប់ឆមាសទី២ ឆ្នាំសិក្សា២០២៥-២០២៦នេះ មានសិស្សឆ្នើមទទួលបានជ័យលាភីសរុប ៣២០នាក់ (ស្រី ១៧៣នាក់)។
លោកប្រធានវិទ្យាស្ថានបានបន្តថា វិទ្យាស្ថានបានអនុវត្តកម្មវិធីសិក្សា STEM យ៉ាងសកម្ម ដោយសិក្សា ២០ម៉ោងក្នុងមួយសប្ដាហ៍ លើមុខវិជ្ជាសំខាន់ៗ រួមមាន៖
*អក្សរសាស្ត្រអង់គ្លេស៖ ៨ម៉ោង
*គណិតវិទ្យា៖ ៥ម៉ោង
*បច្ចេកវិទ្យាកុំព្យូទ័រ៖ ៤ម៉ោង
*ភាសាចិន៖ ៣ម៉ោង
លោកបានបន្ថែមថា ជាលទ្ធផលគួរសរសើរ ក្នុងឆ្នាំ២០២៦នេះ វិទ្យាស្ថានបានដឹកនាំសិស្សានុសិស្ស ចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រឡងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនដូចជា៖ Horizon Olympiad, Patterns and Programming 2026, ICIA 2026, Singapore Math Olympiad 2026 និង Japan Suken Test 2026 ដោយដណ្ដើមបានមេដាយ និងពានរង្វាន់កិត្តិយសជាច្រើន ជូនគ្រឹះស្ថាន និងខេត្ត។
ថ្លែងក្នុងឱកាសនោះ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះសិស្សានុសិស្សជ័យលាភី និងអាណាព្យាបាលទាំងអស់។ លោកបានវាយតម្លៃខ្ពស់ ចំពោះវិទ្យាស្ថានឧកញ៉ា ឃ្លាំង មឿង ដែលបានខិតខំបណ្តុះបណ្តាល និងផ្តោតសំខាន់លើភាសាបរទេស (ជាពិសេសភាសាអង់គ្លេស និងភាសាចិន) និងជំនាញបច្ចេកវិទ្យា ដែលជាយានដ៏សំខាន់ សម្រាប់ការសិក្សា និងការងារទាំងពេលបច្ចុប្បន្ន និងអនាគត។
លោកប្រធានមន្ទីរបានគូសបញ្ជាក់ថា មន្ទីរអប់រំគាំទ្រយ៉ាងពេញទំហឹង ចំពោះទិសដៅបណ្តុះបណ្តាលនេះ ព្រោះភាសាបរទេស និង STEM នឹងជួយឱ្យក្មួយៗងាយស្រួលក្នុងការស្វែងរកអាហារូបករណ៍សិក្សាទាំងក្នុង និងក្រៅប្រទេស។
ជាមួយគ្នានេះ លោកបានណែនាំឱ្យពង្រឹងស្តង់ដារសាលារៀនគំរូ និងការរួមចំណែកយ៉ាងសំខាន់ របស់សាលាឯកជនជាមួយសាលារដ្ឋ។ ត្រូវបំពាក់សម្ភារៈឌីជីថល (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ជូនដល់សិស្សានុសិស្ស ក្នុងយុគសម័យថ្មី។ ត្រូវយកចិត្តទុកដាក់លើ វិជ្ជាសម្បទា, បំនិនសម្បទា និងចរិយាសម្បទា ដើម្បីឱ្យសិស្សមានចំណេះដឹង ជំនាញ និងសីលធម៌ល្អ។ និងត្រូវលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀន និងបង្រៀន។
លោកប្រធានមន្ទីរក៏បានអំពាវនាវដល់លោក លោកស្រី ដែលជាអាណាព្យាបាលទាំងអស់ ឱ្យបន្តចូលរួមយកចិត្តទុកដាក់ មើលថែ និងតាមដានការសិក្សារបស់កូនចៅឱ្យបានជាប់ជាប្រចាំ ដើម្បីសាងអ្នកជំនាន់ក្រោយ ឱ្យក្លាយជា «មូលធនមនុស្ស» ពេញលេញ ប្រកបដោយសមត្ថភាពខ្ពស់ ក្នុងការរួមចំណែកដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន។
លោក លឹម វុទ្ធី សូមជូនពរបវរសួស្តី ជ័យមង្គល ជូនដល់ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យជួបប្រទះតែពុទ្ធពរទាំង ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងបានប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ របស់វិទ្យាស្ថានឧកញ៉ា ឃ្លាំង មឿង ចាប់ពីពេលនេះតទៅ៕

