អភិបាលខេត្តកំពង់ចាម អញ្ជើញបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៥-២០២៦ និងទិវាដឹងគុណគ្រូបង្រៀន នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម​

(កំពង់ចាម​):​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលគ្រប់រូប សូមនាំកូន ចៅ មកចុះឈ្មោះចូលរៀន និងផ្តល់ការគាំទ្រ លើកទឹកចិត្ត បង្រៀនបន្ថែមតាមគ្រប់រូបភាព​ ហេីយ​ត្រូវយកចិត្តទុកដាក់ជំរុញ និងដាស់តឿនឱ្យពួកគាត់ខិតខំរៀនសូត្រឱ្យបានគ្រប់ពេលវេលា​ផងដែរ​។ ការថ្លែងបែបនេះ​ក្នុងពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៥-២០២៦ និងទិវាដឹងគុណគ្រូបង្រៀន នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម​ នាព្រឹកថ្ងៃទី​៣០ ខែតុលា​ ឆ្នាំ​២០២៥​ ។

ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានលេីកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រធ្វើខ្លួនឱ្យក្លាយជា “កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ” ត្រូវចៀសវាងការប្រព្រឹត្ត អំពើមិនគប្បីទាំងឡាយ ដែលជាកង្វល់ក្នុងគ្រួសារ និងសង្គមជាតិទាំងមូល​ ពោលគឺត្រូវចងចាំថា ក្មួយៗគឺជាអ្នកកាន់កូនសោសម្រាប់បើក ជោគវាសនារបស់ខ្លួននាពេលអនាគត ហើយមានតែការអប់រំ និងចំណេះដឹងប៉ុណ្ណោះទេ ដែលអាច បើកផ្លូវឱ្យក្មួយៗទាំងអស់ទទួលបានអនាគតដ៏រុងរឿងនោះ​ ។

ឯកឧត្តមអភិបាលខេត្ត​ បានស្នេីដល់​មន្ទីរអប់រំ​ និងគ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវខិតខំពង្រីកសក្តានុពលរបស់ខ្លួន ទាំងខាង ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អរូបវ័ន្ត ដើម្បីឱ្យសាលារៀនរបស់យើងក្លាយទៅជា សាលាកុមារមេត្រី កម្រិតអភិវឌ្ឍន៍ ជាសាលារៀនជំនាន់ថ្មី និងជាសាលារៀនគំរូ ប្រកបដោយប្រសិទ្ធភាព និងគុណភាព និងបន្តលើកកម្ពស់សុខភាពសិក្សា និងសុខុមាលភាព លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅគ្រប់គ្រឹះស្ថានសិក្សា។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បានសំណូមពរដល់លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវដើរតួជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៏ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍ សមត្ថភាពខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំង ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេសផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *