កម្ពុជា-វៀតណាម ប្ដេជ្ញាបន្តពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត

នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាមចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី និងគណៈប្រតិភូដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS លើកទី១១ និងកិច្ចប្រជុំកំពូល CLMV លើកទី១២ ហើយឯកឧត្តមជឿជាក់ថា កម្ពុជាក៏នឹងទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល CLMV លើកទី១៣ នាពេលខាងមុខ។ ស្របពេលជាមួយគ្នានេះ, ឯកឧត្តមនាយករដ្ឋមន្រ្តីក៏បានអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលការណ៍នេះបានសបញ្ជាក់អំពីការលើកកម្ពស់តួនាទីនិងកិត្យានុភាពរបស់កម្ពុជានៅលើ ឆាកអន្តរជាតិ។ បន្ថែមលើនេះ, ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននិងលទ្ធផលប្រកបដោយផ្លែផ្កានៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់កម្រិតព្រមទាំងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការ ជំរុញចំណងមិត្តភាពទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមជូនចំពោះសម្ដេចនិងគណៈប្រតិភូ។ សម្ដេចធិបតីក៏បានសម្ដែងនូវការអបអរសាទរចំពោះវៀតណាមដែលនឹងទទួលធ្វើជាម្ចាស់ ផ្ទះរៀបចំកិច្ចប្រជុំកំពូល APEC នៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ។ ជាមួយគ្នានេះ, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងបានគូសបញ្ជាក់អំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅនិងរឹងមាំបន្ថែមទៀត។

ប្រមុខរដ្ឋាភិបាលទាំងពីរ បានសង្កត់ធ្ងន់អំពីទំនាក់ទំនងដ៏ល្អនិងជាប្រពៃណីដ៏យូរអង្វែងនៃប្រទេសទាំងពីរហើយប្រទេសទាំងពីរនឹងរៀបចំព្រឹត្តិការណ៍នានាឱ្យបានអធិកអធមដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងជាឆ្នាំមិត្តភាពនៃប្រទេសទាំងពីរក្នុងឆ្នាំ២០២៧។

សម្ដេចធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ក៏បានពិភាក្សានិងផ្លាស់ប្ដូរយោបល់ដើម្បីដាក់ចេញនូវយន្តការជាក់ស្ដែងក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ រួមមាន៖ នយោបាយ, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, សន្តិសុខ និងការពារជាតិ, ថាមពល, អប់រំ, កសិកម្ម, ទេសចរណ៍, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាការតភ្ជាប់រវាងប្រជាជននិងប្រជាជនផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *