កម្ពុជា-មីយ៉ាន់ម៉ា ឯកភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត

នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាមដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី មីយ៉ាន់ម៉ា-កម្ពុជា ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមទៅកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែតុលា កន្លងទៅ។ ឯកឧត្តមប្រធានាធិបតី ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីជាពិសេសបានសម្ដែងនូវការពេញ ចិត្តចំពោះលទ្ធផលដែលប្រទេសទាំងពីរបានសម្រេចរួមគ្នា។ ជាមួយគ្នានេះ, ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា មីយ៉ាន់ម៉ាមានបំណងបន្តពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតីជាថ្មីម្ដងទៀតព្រមទាំងបានវាយតម្លៃខ្ពស់និងពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកម្ពុជា-មីយ៉ាន់ម៉ា។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានកាលានុវត្តភាពជាច្រើនទៀតក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើននិងរឹងមាំបន្ថែមទៀត។

សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា បានឯកភាពគ្នាជំរុញបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ រួមមាន ជាអាទិ៍៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម, វិនិយោគ, ការពារជាតិ និង សន្តិសុខ, អប់រំ, ទេសចរណ៍ ក៏ដូចជាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ ថ្នាក់ដឹក នាំទាំងពីរក៏បានឯកភាពគ្នាជំរុញក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរបន្តផ្សារភ្ជាប់ទំនាក់ទំនងនិងពិភាក្សាគ្នា ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តទៅជាសកម្មភាពជាក់ស្ដែង សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ, ថ្នាក់ដឹកនាំទាំង ពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់និងសកលផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *