អភិបាលខេត្តស្ទឹងត្រែង អំពាវនាវឱ្យបញ្ឈប់ការវែកញែករឿងសាងសង់រូបសំណាកព្រះនារាយណ៍ ខណៈក្រុមការងារបច្ចេកទេសកំពុងកែតម្រូវចំណុចខ្វះខាត

ខេត្តស្ទឹងត្រែង: នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានបង្ហោះសារនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ដោយអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ សូមបញ្ឈប់ការវែកញែក និងការប្រកែកគ្នាជុំវិញការសាងសង់រូបសំណាក «ព្រះនារាយណ៍ (ព្រះវិស្ណុ)» នៅក្នុងខេត្តស្ទឹងត្រែង។

​តាមរយៈសំណេរនោះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ពេលវេលានេះ គឺជាពេលវេលាដែលប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីប្រយុទ្ធប្រឆាំងជាមួយសត្រូវរួមរបស់ជាតិ (សត្រូវឈ្លានពាន) ជាជាងការបន្តជជែកវែកញែកគ្នាទៅវិញទៅមក។

​ទន្ទឹមនឹងការអំពាវនាវនេះ ឯកឧត្តម សរ សុពុត្រា ក៏បានបង្ហាញជំហរទទួលយកនូវរាល់ការរិះគន់ក្នុងន័យស្ថាបនាផងដែរ។ ឯកឧត្តមបានទទួលស្គាល់ថា ការសាងសង់រូបសំណាកនេះពិតជាមានកំហុស ឬភាពល្អៀងផ្នែកខ្លះនៃទម្រង់ និងខ្នាត ដែលបច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងតែធ្វើការកែតម្រូវឡើងវិញ។

​ពាក់ព័ន្ធនឹងប្រភពដើម និងរចនាបថនៃរូបសំណាក ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់បន្ថែមថា រចនាបថនេះគឺត្រូវបានចម្លងចេញពីរូបសំណាកទេវរូប ព្រះនារាយណ៍ (ព្រះវិស្ណុ) ធ្វើពីថ្មភក់ សម័យមុនអង្គរ ស្ថិតក្នុងរចនាបថសំបូរព្រៃគុក (សតវត្សរ៍ទី៧) ដែលត្រូវបានរកឃើញនៅក្នុងទឹកដីខេត្តស្ទឹងត្រែងផ្ទាល់ និងត្រូវបានយកទៅតម្កល់រក្សាទុកនៅសារមន្ទីរជាតិ រាជធានីភ្នំពេញ។

​គួររំលឹកដែរថា បើតាមកំណត់ត្រាបុរាណវិទ្យា ទេវរូបព្រះនារាយណ៍ (ព្រះវិស្ណុ) ដែលឆ្លាក់មិនទាន់រួចរាល់នេះ មានប្រភពមកពីតំបន់កំពង់ចាមកៅ ខេត្តស្ទឹងត្រែង មានកម្ពស់ ២៤៨ សង់ទីម៉ែត្រ (រួមទាំងជើងទម្រដោត)។ ទេវរូបថ្មភក់នេះ ត្រូវបានរកឃើញនៅឆ្នាំ១៩១១ ដោយលោក ម៉ុងស៊ើ ខ្លាញ់ (Monsieur Klein) និងត្រូវបានបញ្ជូនទៅតម្កល់នៅសារមន្ទីរជាតិក្នុងឆ្នាំ១៩១២ ក្រោមលេខកូដបញ្ជី «Ka.1598» (ក.1598)៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *