សម្តេច ម៉ែន សំអន អញ្ជើញជួបសួរសុខទុក្ខ ឯកឧត្តម អ៊ុន នឹង ស្ថិតនៅគេហដ្ឋានឯកឧត្តមផ្ទាល់ ក្នុងខេត្តកំពង់ធំ

(កំពង់ធំ) :សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តម​ អ៊ុន​ នឹង​ សមាជិកក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី​ អភិវឌ្ឍន៍មាតុភូមិកម្ពុជា​ នៅគេហដ្ឋានផ្ទាល់របស់ឯកឧត្តម ស្ថិតក្នុងភូមិតាអោក ឃុំឈូក ស្រុក​ប្រាសាទ​សំបូរ​ ខេត្តកំពង់ធំ នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែកត្តិក ឆ្នាំមមី​ អដ្ឋស័ក

ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា​ឆ្នាំ២០២៦។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ​ ដួង​វណ្ណា​ តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជា សមាជិកក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា, ឯកឧត្តម​នួន​ ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សខេត្តកំពង់ធំ, ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សខេត្តព្រះវិហារ។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំការផ្តាំផ្ញើនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,​ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូន ឯកឧត្តម​ អ៊ុន​ នឹង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារដោយសេចក្តីនឹករលឹក។

ក្នុងឱកាសនោះ ឯកឧត្តម​ អ៊ុន​ ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការរណសិរ្សខេត្ត តំណាងឱ្យក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,​ សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចធិបតី ហ៊ុន ម៉ាណែត, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះសារផ្តាំផ្ញើរនូវការសាកសួរសុខទុក្ខ និងសូមអរគុណសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, លោកជំទាវ​ ដួង​ វណ្ណា, ឯកឧត្តម​ នួន​ផារ័ត្ន, ឯកឧត្តម​ គីម រិទ្ធ ដែលបានអញ្ជើញមកសួរសុខទុក្ខដោយផ្ទាល់នាពេលនេះ។

ឯកឧត្តម​ អ៊ុន​ នឹង​ គឺជាឥស្សរជននយោបាយ និងជា​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ ដែលធ្លាប់កាន់តួនាទីសំខាន់ៗជាច្រើន ទាំងនៅថ្នាក់ជាតិ និងក្នុងស្ថាប័ននីតិប្បញ្ញត្តិផងដែរមានដូចជា÷
១.អ្នកតាក់តែងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា​ឆ្នាំ១៩៩៣
២.អភិបាលខេត្តកំពង់ធំ
៣.តំណាងរាស្រ្តមណ្ឌលកំពង់ធំ (នីតិកាលរដ្ឋសភាទី៣ និងទី៤)​
៤.អនុប្រធានគណៈកម្មការ(នីតិកាលទី៣) និងជាប្រធានគណៈកម្មការទី៤ (មហាផ្ទៃ​ ការពារ​ជាតិ​ អង្កេត​ បោសសំអាត​ និងមុខងារសាធារណៈ)​ នីតិកាលទី៤ នៃរដ្ឋសភា។

ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក បុណ្យបារមីដ៏ខ្លាំងក្លានៃទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សា អភិបាលប្រោះព្រំ ឯកឧត្តម​ អ៊ុន​ នឹង​ និងលោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ ព្រមជាមួយ ពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ និងពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *