ឯកឧត្តម សុខ លូ អមដំណើររដ្ឋមន្រ្តីក្រសួងកសិកម្មចុះសំណេះសំណាលជាមួយពុកម៉ែបងប្អូនជាសមាជិកសហគមន៍កសិកម្មទំនើបនៅស្រុកសង្កែ និងស្រុកឯកភ្នំ!

(បាត់ដំបង) ៖នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអមដំណើរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញបន្តជួបសំណេះសំណាលជាមួយពុកម៉ែបងប្អូនជាសមាជិកសហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្រ្តកង្ហត នៅស្រុកសង្កែ និងសហគមន៍កសិកម្មទំនើបស្រូវ-អង្ករសុវត្ថិភាព នៅស្រុកឯកភ្នំ ខេត្តបាត់ដំបងដែលបានចាប់ផ្តើមធ្វើផលិតកម្មស្រូវតាមកិច្ចសន្យា និងកុងត្រាតម្លៃទុកជាមុន។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានលើកឡើងពីសក្ដានុពលដ៏ធំធេងលើផ្ទៃដីកសិកម្មនៅក្នុងខេត្តបាត់ដំបង។
ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិតាំងពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់និងជួយដល់ប្រជាកសិករនៅគ្រប់កាលៈទេសៈ។

ឯកឧត្តម សុខ លូ បានអំពាវនាវដល់ប្រជាកសិករសូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រោះរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរដែលជាឪពុកម្ដាយមិនដែលចង់ឱ្យប្រជាពលរដ្ឋជាកូនចៅជួបការលំបាកនោះទេ។

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានគូសបញ្ជាក់ថា តម្លៃស្រូវដែលសហគមន៍កសិកម្មទំនើបចុះកិច្ចសន្យាផ្ទាល់ជាមួយវិស័យឯកជន គឺសម្រេចបានដោយសារការចងក្រងជាសហគមន៍កសិកម្មទំនើប ដែលផ្តល់អានុភាពឱ្យក្រុមប្រជាកសិករជាសមាជិក ធ្វើការចរចាកិច្ចសន្យាផលិតកម្មទុកមុនជាមួយអ្នកទិញលើតម្លៃ គុណភាព និងបរិមាណ ហើយមិនមែនដោយសារការកំណត់តម្លៃដោយរដ្ឋទេ។

ឯកឧត្តមរដ្ឋមន្រ្តី ថ្លែងឱ្យដឹងបន្ថែមថា ក្រសួងកសិកម្ម នឹងបន្តគាំទ្រការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីជួយឱ្យប្រជាកសិករធ្វើការស្ដារមកវិញតាមរយៈការធានាតម្លៃ និងទីផ្សារដោយចុះកិច្ចសន្យាទុកមុន ការកាត់បន្ថយថ្លៃដើមផលិតកម្ម និងការផ្ដល់ជំនួយបច្ចេកទេស៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *