(ព្រៃវែង) : ក្រុមពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិព្រះឥន្ទស្មត់ ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង កើតទុក្ខមិនសុខចិត្តរឿងធ្វើប្លង់ដី ឥឡូវនេះ បាននាំគ្នាផ្តិចមេដាយ ដាក់ពាក្យប្តឹង លោក ស្រី វិចិត្រ អនុប្រធានការិយាល័យរៀបចំដែនដីដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តព្រៃវែង និងជាប្រធានក្រុមវាល ដែលបានប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធ ដើរទារលុយពីប្រជាពលរដ្ឋពី ៥ម៉ឺនរៀលទៅ ២៥ម៉ឺនរៀលក្នុង ១ប្លង់ដី ដោយមិនមានវិក្កយបត្រកំណត់ដោយរដ្ឋនោះទេ ជាថ្នូរនិងការចែកបណ្ណសម្គាល់កម្មសិទ្ធិដីធ្លី។
យោងតាមពាក្យបណ្តឹង ដែលការិយាល័យ សារព័ត៌មាន ទទួលបាននៅពេលថ្មីៗនេះ មានខ្លឹមសារថា សូមគោរពជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំង អំពើពុករលួយ កម្មវត្ថុសុំប្តឹង លោក ស្រី វិចិត្រ អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សូរិយោដី ខេត្តព្រៃវែង និងជាប្រធានក្រុមវាល ក្នុងករណីប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធ ដើរទារលុយពី ប្រជាពលរដ្ឋចន្លោះពី ៥ម៉ឺនរៀលទៅ ២៥ម៉ឺនរៀលក្នុង ១ប្លង់ដី ដោយមិនមានវិក្កយបត្រកំណត់ដោយរដ្ឋនោះទេ ។
ពាក្យបណ្តឹងទៅខាងលើសរសេរថា សកកម្មភាពយកលុយមុនសិន ដើម្បីជាថ្នូរនិងការចែកបណ្ណសម្គាល់កម្មសិទ្ធិដីធ្លីនោះ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងរៀបចំដែន ដី នគរូបនីយកម្ម សំណង់ និងសូរិយោដី មិនមានគោលការណ៍ដាក់កំណត់ឲ្យមន្ត្រី តាមបណ្តាខេត្តយកលុយពីពលរដ្ឋជាថ្នូរ និងការចែកបណ្ណកម្មសិទ្ធិជូនពលរដ្ឋនោះឡើយ។
ផ្ទុយទៅវិញ កំឡុងខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិព្រះ ឥន្ធស្មត់ ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង លោក ស្រី វិចិត្រ ប្រធានក្រុមវាល បានចុះមកចែកបណ្ណកម្ម សិទ្ធិជូនប្រជាពលរដ្ឋ នៅខែមិថុនា ឆ្នាំ២០២៥ ដដែលនោះ លោក ស្រី វិចិត្រ និងបក្សពួកបានបន្តធ្វើសកម្មភាពចែកបណ្ណជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិព្រះឥន្ធស្មត់ និងភូមិថ្មពូន ឃុំថ្មពូន ដោយយកលុយ លើសពីសេវារបស់រដ្ឋ ដែលបានកំណត់ហើយពលរដ្ឋគាត់ចង់បានលុយត្រឡប់មកវិញ សម្រាប់ដោះស្រាយជីវភាព។
កន្លងទៅ ប្រជាពលរដ្ឋធ្លាប់បានប្តឹងទៅ អភិបាល ស្រុកកញ្ចៀច ក្រោយមកមានកិច្ចអន្តរាគមន៍ខាងស្រុក ចុះធ្វើកំណត់ហេតុភ្លាមៗ រកឃើញថា ពិតជាមានការយកលុយលើសពីសេវារដ្ឋ កំណត់ត្រឹម១ហិចតា ២ម៉ឺនរៀល ដីស្រែ ដីភូមិ ១ហិចតា ៣០ម៉ឺនរៀល។ ប៉ុន្តែបុគ្គល ឈ្មោះ ស្រី វិចិត្រ បានទារលុយស្រេចតែមាត់ បង្ខំឲ្យពលរដ្ឋបង់លុយទៅខ្លួន យកលើសសេវារបស់រដ្ឋ ពី៥ម៉ឺនរៀល ទៅ៧ម៉ឺនរៀល និងរហូតដល់២៥ម៉ឺនរៀលឬលើសពីនេះទៅទៀតក៏មានដែរ។
ពាក្យបណ្តឹងពលរដ្ឋខាងលើបានអះអាងថា ចំពោះការចែកបណ្ណជូនប្រជាពលរដ្ឋទាំងពីរលើកខាងលើនេះគឺ លោក ស្រី វិចិត្រ អនុប្រធាន ការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សូរិយោដី ខេត្តព្រៃវែង និងជាប្រធានក្រុមវាល និង បក្សពួក មានសិទ្ធិសម្រេចធំណាស់ហ៊ានយកលុយតាមអំពើចិត្តខុសពីគោលការណ៍របស់រដ្ឋបានកំណត់ ធ្វើឲ្យពលរដ្ឋមួយចំនួនមិនមានលុយគ្រប់ក៏ត្រូវខ្ចីលុយធនាគារ ដើម្បីបង់ឲ្យគ្រប់ដែរគឺ ក្នុងម្នាក់ៗ ចន្លោះពី ៥ម៉ឺនរៀលក្នុង១ប្លង់តូចៗ និងបងប្អូនខ្លះមានក្បាលដីចែកឲ្យកូនច្រើននាក់ក៏ត្រូវចំណាយលុយដែរ ដើម្បីបានប្លង់កម្មសិទ្ធិយកមកប្រើប្រាស់។
ក្នុងករណីនេះ សម្រាប់ ពលរដ្ឋ ដោយសារការ ភ័យខ្លាច មិនបានបណ្ណកម្មសិទ្ធិដីធ្លីយក មកប្រើប្រាស់និងគិតថា ជាគោលករណ៍របស់រដ្ឋទើបពលរដ្ឋម្នាក់ៗ ពេលឃើញមន្ត្រីសុរិយោដីចុះមកចែកបណ្ណម្តងៗ ក៏ខំរកលុយខ្ចីគេឯងឲ្យបាន និងពលរដ្ឋខ្លះទៀតចងការអង្គការ ដើម្បីបានលុយត្រៀមយកបណ្ណ កម្មសិទ្ធិទុកប្រើប្រាស់សម្រាប់កូនចៅបន្តតទៀត។
ផ្ទុយទៅវិញករណីនេះ ក៏មានការបែកត្រូវធ្លាយ រឿង លោក ស្រី វិចិត្រ ប្រធានក្រុមវាល បានទៅចែកបណ្ណដីធ្លីនៅភូមិ ត្រពាំងក្រាញ់ ឃុំ ព្រាល ស្រុកកញ្ចៀច ត្រូវពលរដ្ឋបកអាក្រាដថា មន្ត្រីរូបនេះបានយកលុយជាថ្នូរនិងការ ចែកបណ្ណនោះ គឺគ្មានគោលការណ៍ពីរដ្ឋឡើយ ដោយបានឃុបឃិតគ្នាជាប្រព័ន្ធ ប្រព្រឹត្តិអំពើពុករលួយ ដើម្បីជំរិតទារលុយពីពលរដ្ឋខុសពីគោលការណ៍រដ្ឋជាពិសេស ផ្ទុយនឹង អនុសាសន៍លើកឡើងរបស់ ឯក ឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទើប លោក ស្រី វិចិត្រ លែងហ៊ានចូលមកចែកបណ្ណនៅភូមិត្រពាំងក្រាញ់ ឃុំព្រាល ស្រុកកញ្ចៀចបន្តទៀត។ប្រភព:ពីប្រជាពលរដ្ធ

