(ព្រៃវែង) : អភិបាល នៃគណៈ អភិបាលខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឈប់បោះសំរាមចោលតាមដងផ្លូវ ហើយសូមឱ្យចូលរួមសាមគ្គីគ្នាសម្អាតបរិស្ថាន និងថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីខេត្តព្រៃវែងមានសោភណភាពស្អាត ពោរពេញទៅដោយពណ៌បៃតង និងគ្មានសំរាមនៅតាមទីសាធារណៈ ស្របតាមពាក្យស្លោក «កម្ពុជាស្អាត ខ្មែរធ្វើបាន»។
ការអំពាវនាវរបស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នាឱកាសអញ្ជើញចូលរួមយុទ្ធនាការសម្អាតអនាម័យបរិស្ថាន នៅចំណុចទីប្រជុំជនផ្សារទ្រា និងតាមដងផ្លូវខេត្ត៣១២ ក្នុងឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។
យុទ្ធនាការនោះមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក អធិការនគរបាល និងកងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុក មេបញ្ជាការ និងកម្លាំង នៃកងរាជអាវុធហត្ថស្រុក មេបញ្ជាការ និងកងកម្លាំងផ្នែកសឹករងស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀន នាយក នាយករងសាលា លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក យុវជនកាយប្ញទ្ធិ យុវជនកាកបាទក្រហមកម្ពុជាស្រុក សិស្សានុសិស្ស និងពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងឃុំអង្គររាជ្យ សរុបចំនួន ៨៩០រូប៕
យុទ្ធនាការសម្អាតអនាម័យបរិស្ថាន ធ្វើឡើងក្នុងគោលបំណង បង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅស្រុកព្រះស្ដេច និងស្រុកដទៃទៀតក្នុងខេត្តព្រៃវែង បានយល់ដឹងអំពីបញ្ហាអនាម័យបរិស្ថាន និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវទាំងនៅគេហដ្ឋាន និងសហគមន៍ ធ្វើយ៉ាងណាដើម្បីឱ្យខេត្តព្រៃវែង ក្លាយជាខេត្តដែលមិនមានសំរាម ជាខេត្តមានសោភ័ណភាពអនាម័យល្អស្អាត គួរជាទីចាប់អារម្មណ៍នៃភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់ៗគ្នា។



