(កំពត) : នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារគាំទ្រចំពោះការចូលរួមផ្តល់មតិយោបល់ដ៏ល្អរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការរចនារូបសំណាក «បាតដៃសុភមង្គល» ដែលជាសមិទ្ធផលទេសចរណ៍ថ្មីមួយនៅខេត្តកំពត។
ទន្ទឹមនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសង្ឃឹមថា ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត ដែលជាអ្នកផ្តួចផ្តើម និងកសាងរូបសំណាកនេះ នឹងពិភាក្សាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីពិចារណាបន្ថែមរចនាបថខ្មែរ ទៅតាមការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ។
ចំពោះការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីការគាំទ្រចំពោះការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការផ្តល់យោបល់លើការអភិវឌ្ឍសមិទ្ធផលទេសចរណ៍ ព្រមទាំងជាការលើកទឹកចិត្តឱ្យមានការយកចិត្តទុកដាក់លើការបញ្ចូលអត្តសញ្ញាណ និងរចនាបថវប្បធម៌ខ្មែរ ដើម្បីឱ្យសមិទ្ធផលថ្មីនេះកាន់តែមានលក្ខណៈពិសេស និងសមស្របតាមមតិរបស់សាធារណជន ដើម្បីលើកកម្ពស់តម្លៃសិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិឱ្យកាន់តែលេចធ្លោ៕

