អភិបាលខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍ផ្ទាល់ដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់នៅស្រុកបាកាន!

ពោធិ៍សាត់៖ នាផ្លូវល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារអាជ្ញាធរខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពពិនិត្យមើលផលប៉ះពាល់ និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ ស្ថិតក្នុងឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។

យោងតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ស្រូវប្រាំង/វស្សារបស់ប្រជាពលរដ្ឋនៅតំបន់នោះ បានជួបប្រទះនូវស្ថានភាពលំបាកយ៉ាងខ្លាំង ដោយសារតែគ្រោះធម្មជាតិពីរដំណាក់កាលជាន់លើគ្នា៖

ដំណាក់កាលទី១៖ ស្រូវបានជួបប្រទះការខ្វះខាតទឹកស្រោចស្រពយ៉ាងធ្ងន់ធ្ងរ ដោយទទួលបានការអន្តរាគមន៍បូមទឹកសង្គ្រោះពីអាជ្ញាធរ និងសង្ឃឹមថានឹងបានប្រមូលផលខ្លះៗឡើងវិញ។

ដំណាក់កាលទី២៖ ស្រាប់តែជំនន់ទឹកភ្លៀងបានបុកលិចលង់យ៉ាងគំហុក និងលឿនរហ័ស ធ្វើឱ្យប្រជាពលរដ្ឋច្រូតកាត់មិនទាន់ពេលវេលា បណ្តាលឱ្យលិចលង់ខូចខាតស្ទើរតែទាំងស្រុងតែម្តង។

តាមទិន្នន័យបឋម ការលិចលង់ដោយសារទឹកជំនន់លើកនេះ បានប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ១៤៧គ្រួសារ គ្របដណ្តប់លើ ៨ភូមិ ក្នុងឃុំស្វាយដូនកែវ និងខូចខាតផ្ទៃដីស្រែសរុប ជាង ៤០០ហិកតា។

ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តម ខូយ រីដា បានសម្តែងនូវក្ដីសោកស្តាយយ៉ាងខ្លាំងជាមួយបងប្អូនប្រជាពលរដ្ឋ និងបានណែនាំឱ្យអាជ្ញាធរស្រុក-ឃុំ និងមន្ទីរជំនាញពាក់ព័ន្ធ ប្រញាប់ប្រញាល់ស្រង់ទិន្នន័យផលប៉ះពាល់ជាក់ស្តែង ឱ្យបានលម្អិត និងច្បាស់លាស់ ដើម្បីរៀបចំវិធានការអន្តរាគមន៍ ស្តារឡើងវិញ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋរងគ្រោះឱ្យបានទាន់ពេលវេលា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *