អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយមនុស្សធម៌ពីសាលាគណខេត្ត សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត

(កំពង់ចាម) នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញទទួលអំណោយមនុស្សធម៌ដ៌ថ្លៃថ្លារបស់សាលាគណខេត្ត ដែលនិមន្តដឹកនាំដោយព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនី មេគណខេត្តកំពង់ចាម រួមមាន បាឡុងចំនួន ១៨០ ដើម្បីយកទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានគោរពថ្លែងអំណរព្រញគុណយ៉ាងជ្រាលជ្រៅចំពោះព្រះនាគមុនីព្រះមេគណខេត្ត និងព្រះបាឡាត់គណខេត្ត ព្រមទាំងព្រះមន្ត្រីសង្ឃគ្រប់អង្គ និងបានចាត់ទុកសកម្មភាពនេះថា ជាព្រះកាយវិការដ៏គំរូ សម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងឡាយ។

ឯកឧត្តម អភិបាលខេត្ត ថ្លែងបន្តថា រដ្ឋបាលខេត្ត នឹងនាំយកអំណោយទាំងនេះប្រើប្រាស់ក្នុងបុព្វហេតុនៃកិច្ចការមនុស្សធម៌នៅក្នុងខេត្ត និងជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយនានា ក្នុងខេត្តកំពង់ចាម។

គួររំលឹកថា ជារៀងរាល់ឆ្នាំ សាលាគណខេត្តកំពង់ចាម តែងបាននាំយកអំណោយជាច្រើន ជូនរដ្ឋបាលខេត្តកំពង់ចាម ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការផ្សេងៗ រួមមាន យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19, ចុះសួរសុខទុក្ខកងទ័ព, ពិធីបុណ្យធំៗ នៅក្នុងខេត្ត, យុទ្ធនាការគ្រប់គ្រងគ្រោះមហន្តរាយ និងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។ល។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *