លោកជំទាវ អាំង សុជាតា ខូយរីដា៖ «សុខភាពមាតា ទារក និងកុមារ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព និងភាពរឹងមាំក្នុងសង្គម»

(ពោធិ៍សាត់)៖ ការវិនិយោគលើសុខភាពមាតា ទារក និងកុមារ គឺជាការកសាងគ្រឹះយ៉ាងរឹងមាំ សម្រាប់អនាគតធនធានមនុស្សរបស់ប្រទេសជាតិ។ ការគូសបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែល លោកជំទាវ អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនដល់ស្ត្រីត្រៀមសម្រាល ស្ត្រីទើបសម្រាលកូន និងអ្នកផ្ទុកមេរោគអេដស៍ នៅមណ្ឌលសុខភាពអន្សាចំបក់ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ហៀម ឃួន អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងលោក លោកស្រី ជាភ្ញៀវកិត្តិយស ក្រុមគ្រូពេទ្យ និងយុវជនកាកបាទក្រហមយ៉ាងច្រើនកុះករ។

នៅក្នុងឱកាសសំណេះសំណាល លោកជំទាវ អាំង សុជាតា ខូយរីដា បានលើកឡើងថា ការថែទាំសុខភាពមាតា និងទារកឱ្យបានល្អចាប់តាំងពីនៅក្នុងផ្ទៃ គឺជាជំហានដំបូងបង្អស់ ក្នុងការធានាថាកុមារដែលកើតមកមានសុខភាពល្អបរិបូរណ៍ ប្រកបដោយប្រាជ្ញាស្មារតីភ្លឺថ្លា ដើម្បីក្លាយជាទំពាំងស្នងឫស្សី និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។

លោកជំទាវបានបន្ថែមថា សកម្មភាពចុះសួរសុខទុក្ខនេះ គឺត្រូវបានធ្វើឡើងស្របតាមអនុសាសន៍ និងសារគន្លឹះដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខមាលភាពរបស់ស្ត្រីជាមាតា ទារក និងកុមារនៅទូទាំងប្រទេស។

លោកជំទាវប្រធានក្រុមការងារ បានផ្តាំផ្ញើដល់ស្ត្រីមានផ្ទៃពោះធម្មតា ត្រូវទៅពិនិត្យសុខភាពយ៉ាងតិច៤ដង ហើយចំពោះស្ត្រីដែលមានសុខភាពមិនប្រក្រតី ត្រូវទៅពិនិត្យយ៉ាងតិច៨ដង តាមការណែនាំរបស់គ្រូពេទ្យឆ្មប នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលជិតបំផុត។ ករណីមានសុខភាពមិនប្រក្រតី គួរជ្រើសរើសការសម្រាលនៅមន្ទីរពេទ្យបង្អែកខេត្ត ដែលមានឧបករណ៍ បរិក្ខារ និងបច្ចេកទេសគ្រប់គ្រាន់ ដើម្បីធានាសុវត្ថិភាពទាំងម្តាយ និងកូន។ ត្រូវបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ក្នុង៦ខែដំបូង និងនាំកូនទៅចាក់វ៉ាក់សាំងបង្ការជំងឺផ្សេងៗឱ្យបានទៀងទាត់តាមកាលវិភាគ។ ក្រៅពីការលេបថ្នាំពន្យារ ត្រូវបរិភោគអាហារមានជីវជាតិ និងសម្រាកឱ្យបានពី ៧ ទៅ ៨ម៉ោង ក្នុងមួយថ្ងៃ ដើម្បីពង្រឹងប្រព័ន្ធស៊ាំរាងកាយ។

នៅក្នុងឱកាសនោះដែរ លោកជំទាវ និងគណៈប្រតិភូ បានប្រគល់អំណោយមនុស្សធម៌ដើម្បីសម្រាលជីវភាព និងលើកទឹកចិត្តដល់ស្ត្រីត្រៀមសម្រាល និងទើបសម្រាលកូន ចំនួន៧នាក់ ក្នុងម្នាក់ៗទទួលបាន មុង (១), សារ៉ុង (២), អាវយឺត (២), កន្សែងពោះគោ (១), ឈុតកូនង៉ា (១ថង់), សាប៊ូម្សៅ (១ដុំ), សាប៊ូក្រអូប (១កំប៉ុង), ម្សៅកូនង៉ា និងថវិកា ៥ម៉ឺនរៀល។ អ្នកផ្ទុកមេរោគអេដស៍ ចំនួន៦នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ (២៥គីឡូក្រាម), មី (១កេស), ត្រីខ (១យួរ), កញ្ចប់ឃីត (សារ៉ុង១ ក្រមា១ មុង១ ភួយ១ អាវយឺត១) និងថវិកា ៥ម៉ឺនរៀល។ ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាព ទទួលបានថវិកាឧបត្ថម្ភក្នុងម្នាក់ៗចំនួន ២ម៉ឺនរៀល ដើម្បីជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងបម្រើការងារមនុស្សធម៌នេះ។

លោកជំទាវក៏បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពអន្សាចំបក់ ដែលបានខិតខំបំពេញភារកិច្ចផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខមាលភាពសហគមន៍ទាំងមូល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *