សៀមរាប: រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត សៀមរាប និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត សៀមរាប ដោយមានការចូលរួមពីមន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រ ស្រុកជីក្រែង។
លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត សៀមរាប បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើបច្ចេកទេស និងវិធានការគ្រប់គ្រងប្រព័ន្ធទឹក ដោយបានណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ពិនិត្យ និងគ្រប់គ្រងការបិទបើកទ្វារទឹកទំនប់ម្កាក់ ដោយស្មារតីប្រុងប្រយ័ត្នខ្ពស់។ លោក បានបញ្ជាក់ថា ការគ្រប់គ្រងទ្វារទឹកទំនប់ម្កាក់ ត្រូវធ្វើឡើងក្នុងគោលបំណងបន្ធូរសម្ពាធទឹកឱ្យបានត្រឹមត្រូវ តាមបច្ចេកទេស ដោយដាច់ខាតមិនត្រូវបើកទ្វារទឹកយ៉ាងគំហុកនោះឡើយ ដែលអាចបង្កឱ្យមានការជន់លិចលង់ធ្ងន់ធ្ងរដល់តំបន់ និងផ្ទះសម្បែងប្រជាពលរដ្ឋនៅផ្នែកខាងក្រោម។ ការគ្រប់គ្រងរបូរទឹកបានល្អ គឺជាសោគន្លឹះក្នុងការកាត់បន្ថយហានិភ័យ និងផលប៉ះពាល់ដល់ជីវភាពរស់នៅ ក៏ដូចជាផលដំណាំរបស់បងប្អូនប្រជាកសិករ។
លោកបានបន្តថា ដើម្បីដោះស្រាយបញ្ហាប្រឈមលើការប្រើប្រាស់ និងការបែងចែកទឹកឱ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំធ្វើការអញ្ជើញសហគមន៍គ្រប់គ្រងទឹកទាំងអស់ ដែលអាស្រ័យផលពីទំនប់ម្កាក់ មកចូលរួមប្រជុំពិភាក្សានាពេលខាងមុខ។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងសម្របសម្រួល និងដោះស្រាយរាល់បញ្ហាប្រឈមជុំវិញការទាញយកទឹកមកស្រោចស្រព ឱ្យមានរបៀបរៀបរយ ជៀសវាងការខ្វែងគំនិតគ្នា ឬការប្រើប្រាស់ទឹកខុសបច្ចេកទេសដែលនាំឱ្យប៉ះពាល់ដល់ការគ្រប់គ្រងទឹកជារួម។ លោកអភិបាលរងខេត្ត ក៏បានណែនាំបន្ថែមដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវចុះអប់រំ និងណែនាំដល់ប្រជាកសិករក្នុងភូមិសាស្ត្រខាងលើ ឱ្យធ្វើការដាំដុះស្រូវ និងផលដំណាំផ្សេងៗស្របតាមរដូវកាលឱ្យបានត្រឹមត្រូវ គឺការធ្វើស្រូវប្រាំងនៅក្នុងរដូវវស្សា ជាដើមហេតុនាំឱ្យមានការលំបាកក្នុងការគ្រប់គ្រង និងបិទបើកទ្វារទឹក ដែលជាញឹកញាប់បង្កឱ្យមានការជន់លិចផលដំណាំ។
លោកក៏បានក្រើនរំលឹកដល់អាជ្ញាធរឃុំ និងកងកម្លាំងមានសមត្ថកិច្ចក្នុងមូលដ្ឋាន ត្រូវត្រៀមលក្ខណៈជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដោយត្រូវរៀបចំផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា ក្នុងករណីដែលមានជំនន់ទឹកភ្លៀងកើនឡើងខ្លាំង ព្រមទាំងបានអំពាវនាវដល់អាណាព្យាបាលទាំងអស់ ត្រូវណែនាំ និងកុំបណ្ដោយឱ្យកុមារតូចៗចុះលេងទឹក ដើម្បីការពារសុវត្ថិភាព និងជៀសវាងនូវគ្រោះថ្នាក់ដែលមិនមើល៕

