អង្គកឋិនទានមហាសាមគ្គីរបស់រដ្ឋបាលខេត្តកំពង់ចាម ប្រមូលបច្ច័យបានប្រមាណ ៨ម៉ឺនដុល្លារ ដើម្បីបន្តកសាងព្រះវិហារថ្មី

(កំពង់ចាម)៖ អង្គកឋិនទានមហាសាមគ្គីរបស់រដ្ឋបាលខេត្តកំពង់ចាម ដែលផ្តួចផ្តើមឡើងដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមា វត្តសុទស្សារាម ជ្រោយថ្ម នាថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយប្រមូលបច្ច័យបានប្រមាណ ៨ម៉ឺនដុល្លារ។

ពិធីបុណ្យនេះ ក៏ជាការឧទ្ទិសមហាកុសលផលបុណ្យជូនចំពោះដួងវិញ្ញាណក្ខន្ធសម្តេចឧត្តមទេពញាណ ហ៊ុន ណេង និង វីរយុទ្ធជនស្នេហាជាតិ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ។

បច្ច័យដែលទទួលបានពីអង្គកឋិនទានមហាសាមគ្គីនេះ នឹងត្រូវប្រើប្រាស់សម្រាប់បន្តកសាងព្រះវិហារថ្មី ដែលមានទំហំ ៤៤ម៉ែត្រ គុណនឹង ១៨ម៉ែត្រ កម្ពស់ ២៣ម៉ែត្រ (២ជាន់) ដោយមានតម្លៃប៉ាន់ស្មានសរុបចំនួន ១.១៦៨.៩២៥ដុល្លារ ឬជាមធ្យមប្រមាណ ៣៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី លោកយាយ លោកតា ពូមីង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមចំណែកទាំងកម្លាំងកាយចិត្ត និងធនធានថវិកា ដើម្បីគាំទ្រដល់ការកសាងព្រះវិហារថ្មីនេះ ឱ្យប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម និងស្មារតីសាមគ្គីភាពដ៏រឹងមាំ។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានប្រគេនពរ និងជូនពរដល់សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា និងបងប្អូនទាំងអស់ សូមទទួលបានសេចក្តីសុខ សេចក្តីចម្រើន និងសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *