អភិបាលខេត្តកំពង់ចាម និងលោកជំទាវ អញ្ជើញចូលរួមពិធីសូត្រមន្តបុណ្យកឋិនទានមហាសាមគ្គី របស់រដ្ឋបាលខេត្តកំពង់ចាម

(កំពង់ចាម)៖ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបុណ្យកឋិនទានមហាសាមគ្គី របស់រដ្ឋបាលខេត្តកំពង់ចាម ដែលផ្តួចផ្តើមឡើងដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងលោកជំទាវ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។

ពិធីបុណ្យកឋិនទានមហាសាមគ្គីដ៏អធិកអធមនេះ ប្រារព្ធឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ លាង វួចឆេង ហ៊ុន ណេង នៅវត្តសុទស្សនារាម ជ្រោយថ្ម ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងបរិយាកាសប្រកបដោយសេចក្តីជ្រះថ្លា និងសាមគ្គីភាព។

បច្ច័យដែលប្រមូលបានពីអង្គកឋិនទានមហាសាមគ្គីនេះ នឹងត្រូវប្រើប្រាស់សម្រាប់បន្តកសាងព្រះវិហារថ្មី ដែលមានទំហំ ៤៤ម៉ែត្រ គុណនឹង ១៨ម៉ែត្រ កម្ពស់ ២៣ម៉ែត្រ កំពស់ ២ជាន់ ក្នុងតម្លៃប៉ាន់ស្មានសរុបចំនួន ១.១៦៨.៩២៥ដុល្លារអាមេរិក ដោយគិតជាមធ្យម ៣៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

សូមបញ្ជាក់ថា ពិធីបុណ្យកឋិនទានមហាសាមគ្គីនេះ នឹងប្រារព្ធពិធីដង្ហែអង្គកឋិន ដើម្បីវេរប្រគេនចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមា វត្តសុទស្សារាម ជ្រោយថ្ម នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីឧទ្ទិសកុសលផលបុណ្យតាមគន្លងព្រះពុទ្ធសាសនា និងចូលរួមថែរក្សា លើកស្ទួយប្រពៃណីព្រះពុទ្ធសាសនាដ៏ល្អផូរផង់របស់ជាតិខ្មែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *