(កំពង់ចាម)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យការអនុវត្តការងារពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត និងការធ្វើបច្ចុប្បន្នភាពជីវមាត្រប្រចាំឆ្នាំ២០២៦ នៅសាលាសង្កាត់កំពង់ចាម ដើម្បីពិនិត្យមើលវឌ្ឍនភាព និងជំរុញការអនុវត្តការងារឱ្យមានប្រសិទ្ធភាព ស្របតាមនីតិវិធី និងពេលវេលាដែលបានកំណត់។
សូមជម្រាបជូនថា ដំណើរការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត និងការធ្វើបច្ចុប្បន្នភាពជីវមាត្រប្រចាំឆ្នាំ២០២៦ នឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ពោលគឺនៅសល់តែ ៨ថ្ងៃទៀតប៉ុណ្ណោះ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតទាំងអស់ មេត្តារួសរាន់អញ្ជើញទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យក្នុងបញ្ជីឈ្មោះបោះឆ្នោត ព្រមទាំងចុះឈ្មោះបោះឆ្នោត ឬធ្វើបច្ចុប្បន្នភាពជីវមាត្រ តាមការកំណត់របស់ គ.ជ.ប ឱ្យបានទាន់ពេលវេលា។
ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ គឺជាការបំពេញកាតព្វកិច្ច និងការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អ ដើម្បីធានាឱ្យមានបញ្ជីឈ្មោះបោះឆ្នោតត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងអាចប្រើប្រាស់សម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

