បាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវអនាម័យក្នុងការរស់នៅ ជាពិសេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអសិរពិស និងគ្រោះថ្នាក់នៃការលង់ទឹកដោយយថាហេតុ។
ការណែនាំរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នាឱកាសអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួនផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងដែលត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព នៅក្នុងមូលដ្ឋានឃុំវត្តតាមិម និងឃុំអូរដំបង១ ស្រុកសង្កែ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការសោកស្តាយយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀង។
ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ជាពិសេសមើលថែទាំមនុស្សចាស់ជរា និងកុមារតូចៗ ប្រកាន់ខ្ជាប់នូវអនាម័យក្នុងការរស់នៅដោយហូបស្អាត ផឹកទឹកឆ្អិន ឬទឹកស្អាត បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអសិរពិស និងគ្រោះថ្នាក់នៃការលង់ទឹកដោយយថាហេតុ។
ឯកឧត្តម អភិបាលខេត្ត បានផ្តល់កម្លាំងចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យខិតខំប្រឹងប្រែងស្តារជីវភាពគ្រួសារឡើងវិញតាមរយៈការបង្កបង្កើនផល និងប្រកបមុខរបរផ្សេងៗ បន្ទាប់ពីទឹកស្រក។
ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងដែលត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព បានថ្លែងអំណរគុណថ្នាក់ដឹកនាំខេត្តដែលផ្ដល់ជាសម្ភាប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគសម្រាប់ដោះស្រាយការលំបាកទម្រាំទឹកស្រកបានវិលត្រឡប់ទៅកាន់លំនៅឋានវិញ។អំឡុងពេលជួបបញ្ហាជំនន់ទឹកភ្លៀងនេះ ប្រជាពលរដ្ឋមើលឃើញថា អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងពិតជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះជួយអន្តរាគមន៍សង្រ្គោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា៕

