ថ្នាក់ដឹកនាំខេត្តសៀមរាប ចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុង​ភូមិសាស្ត្រស្រុកពួក ស្រុកអង្គ​រជុំ និងភូមិសាស្ត្រស្រុកស្រីស្នំ

សៀមរាប: ថ្ងៃទី២​៩ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត និងជាអនុ​ប្រធា​ន​អចិន្ត្រៃយ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត​តំណាងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត ដោយមានូលរួមពីមន្ទីរពាក់ព័ន្ធរួមមាន មន្ទីរធនធានទឹក និង​ឧតុនិយមខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរ​សាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរព័ត៌មានខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត មន្ទីរ​អប់រំ យុវជន និងកីឡាខេត្ត រដ្ឋបាលស្រុកពួក ស្រុកអង្គរជុំ ស្រុកស្រីស្នំ និងមន្ត្រី​ជំនាញ​រដ្ឋបាលខេត្តសៀមរាប បានចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុង​ភូមិសាស្ត្រស្រុកពួក ស្រុកអង្គ​រជុំ និងភូមិសាស្ត្រស្រុកស្រីស្នំ ក្នុងខេត្តសៀមរាប។

ជាមួយ​នឹងការចុះពិនិត្យ​ និងដេីម្បីឆ្លើយតបតាមតម្រូវការជាក់ស្តែង​ លោក​ អភិបាលរងខេត្តបានដាក់ចេញនូវវិធានការចាំបាច់សម្រាប់ឆ្លើយតប និងដោះ​ស្រាយបញ្ហាចំពោះមុខ ដូចជា៖
១/បានចង្អុលបង្ហាញដាក់គ្រឿងចក្រស្តារបើកមុខទឹកដែលជន់លិច បង្កផលប៉ះពាល់ និងដើម្បីរំដោះមុខទឹករួមមាន៖
-ស្តារមុខទឹកប្រឡាយភូមិធ្វាស ឃុំត្រីញ័រ ស្រុកពួក និងរំដោះទឹកមុខសាលាបឋមសិក្សាធ្វាស
-កាយបើកមុខទឹកដាក់លូរំដោះទឹកឆ្លងផ្លូវភូមិត្រាំសសរ ឃុំត្រាំសសរ ស្រុកស្រីស្នំ
២/បានណែនាំដល់អាជ្ញាធរស្រុកអង្គរជុំ ឱ្យសម្អាតសំរាម ស្មៅ តាមបណ្តោយប្រឡាយផ្លូវបេតុងភូមិតាលាវ ឃុំតាសោម និងបិទទ្វារបញ្ចៀសទឹកទៅស្ទឹងផ្លាំង និងកុំឱ្យទឹកហូរមកជន់លិចសាលាស្រុកអង្គរជុំ និងវិទ្យាល័យអង្គរជុំ រួមនិងទីប្រជុំជនឃុំចារឈូក។ ទន្ទឹមនឹងនេះត្រូវលើកផែនការស្តារប្រឡាយ និងរំដោះទឹក កុំឱ្យជន់លិចនៅឆ្នាំបន្ទាប់។
៣/មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវរួមសហការគ្នាដោះស្រាយបញ្ហាជន់លិចដំណាំស្រូវ ហេដ្ឋារចនាសម្ធ័ន្ធ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *