ពោធិ៍សាត់: ដោយការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត នាព្រឹកថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត និងប្រធានមន្ទីរអង្គភាពមួយចំនួនក្នុងខេត្ត បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាតក្រហមម្ពុជា ទៅចែកជូនជនភៀសសឹកចំនួន៧២គ្រួសារ ស្ថិតក្នុងវិទ្យាល័យហ៊ុនសែនប្រមោយ ស្រុកវាលវែង។
ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខប្រកបដោយសេចក្តីនឹករលឹក និងមនោសញ្ចេតនាស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចកាលតែងតែគិតគូរ បារម្ភ និងយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនជនភៀសសឹកយើងគ្រប់ពេលវេលា។ សម្ដេចបានឲ្យរូបលោកជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយមើល ប៉ះប៉ូវ ធ្វើយ៉ាងណាឲ្យបងប្អូនយើងបានរស់នៅមានជីវភាពសមរម្យ ក្នុងការហូបចុកនិងស្នាក់នៅ។ ឯកឧត្តមឲ្យដឹងថា នៅពេលដ៍ខ្លីខាងមុខនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នឹងអញ្ជើញមកជួបបងប្អូនដោយក្ដីនឹងរលឹកបំផុត។ ឯកឧត្តមអភិបាលខេត្តបានសម្ដែងការឈឺចាប់ចំពោះទាហានថៃ ដែលឈ្លានពានទឹកដីកម្ពុជាយើងដោយខុសច្បាប់ ធ្វើឲ្យបាត់បង់ជីវិតកងទ័ព ហើយបងប្អូនយើងក្លាយជាជនភៀសសឹក មករស់នៅទីនេះរាប់ខែមកហើយ។ ឯកឧត្តមសូមឲ្យបងប្អូនទាំងអស់ កុំជឿការឃោសនារបស់ជនអគតិមួយក្ដាប់តូច ដែលតែងតែញុះញង់ ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវជឿទុកចិត្តលើប្រមុខរាជរដ្ឋាភិបាល គឺសម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតួអង្គទាំង០៤រូបនេះសំខាន់ណាស់។ ចំណែកនៅថ្នាក់ក្រោមជាតិ យើងមានឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងរូបឯកឧត្តមផ្ទាល់ជាអភិបាលខេត្ត ត្រូវបានសម្ដេចឲ្យជួយមើលប្រជាពលរដ្ឋក្នុងខេត្តឲ្យបានល្អផង ទាំងសុខទុក្ខ ទាំងជីវភាព ទាំងបញ្ហាប្រឈមនានាដែលត្រូវដោះស្រាយ និងការអភិវឌ្ឍខេត្តទាំងមូល។ ដោយការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ថ្នាក់ដឹកនាំយើងគ្រប់លំដាប់ថ្នាក់ ឥឡូវនេះខេត្តពោធិ៍សាត់យើងមានការល្បីរន្ទឺដល់មហាជន ទី១គឺគ្មានសំរាម, ទី២គឺបង្គោលភ្លើងបំភ្លឺសាធារណៈ តាមផ្លូវជាតិលេខ៥និងផ្លូវស្រុកក្រុងមួយចំនួនទៀត និងទី៣គឺភាពស្អាតរបស់ខេត្តយើង។
ឯកឧត្តម ខូយ រីដា សូមឲ្យបងប្អូនជនភៀសសឹកក្នុងស្រុកវាលវែងទាំងអស់ រស់នៅត្រូវចេះស្រលាញ់រាប់អានគ្នា ចេះជួយគ្នាទៅវិញទៅមក ការហូបចុកស្នាក់អាស្រ័យត្រូវមានអនាម័យជានិច្ច ដើម្បីបង្កាជំងឺដំកាត់ផ្សេងៗ ហើយត្រូវប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយនារដូវវស្សានេះ ដូចជាខ្យល់កន្ត្រាក់ ផ្គររន្ទះ និងគ្រោះថ្នាក់ដោយការលង់ទឹកជាដើម។ យើងទាំងអស់គ្នាត្រូវប្ដេជ្ញាចិត្តថា កុំភ្លេចវីរៈកងទ័ពនៅតាមព្រំដែន មានអីត្រូវចែករំលែកគ្នា ហើយក្នុងរដូវកាលបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ សូមនាំគ្នាទៅធ្វើបុណ្យតាមទំនៀមទំលាប់ប្រពៃណីរៀងៗខ្លួន ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់អ្នកមានគុណ មានឪពុកម្ដាយ ជីដូនជីតា សាច់សាលោហិត មិត្តសម្លាញ់ ញាតិការទាំង០៧សណ្ដាន និងវិញ្ញាណក្ខន្ធវីរៈកងទ័ព ដែលបានចែកឋានទៅកាន់លោកខាងមុខហើយនោះ ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ដែលបានចែកជូនបងប្អូនជនភៀសសឹកនៅស្រុកវាលវែងចំនួន៧២គ្រួសារនាពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ២០គក្រ ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ និងថវិកា៥០.០០០រៀល៕

