ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំធំ (A) សាលាខេត្តព្រៃវែង មានរៀបចំពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការរៀបចំតារាងស្ថិតិអចលនទ្រព្យជួល លិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ស្ថិតិដីធ្លីមិនបានប្រើប្រាស់ ការផ្សព្វផ្សាយផ្ទាំងប៉ាណូ និងពន្ធប្រថាប់ត្រាលើតម្លៃកិច្ចសន្យាចំពោះការផ្គត់ផ្គង់ទំនិញ ឬសេវាកម្ម ក្នុងរដ្ឋបាលខេត្តព្រៃវែង។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហុី ធួក អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។
នៅក្នុងអង្គសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី៖
នាយកទីចាត់ការ និងប្រធានអង្គភាពច្រកចេញចូលសាលាខេត្ត
ប្រធានសាខាពន្ធដារខេត្ត អភិបាលក្រុង-ស្រុក ទាំង១៣ ក្នុងខេត្តព្រៃវែង ប្រធានការិយាល័យច្រកចេញចូលតែមួយ ក្រុង-ស្រុក មេឃុំ ចៅសង្កាត់ និងស្មៀនឃុំ-សង្កាត់
ព្រមទាំងមន្ត្រីរាជការ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹង និងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងទិន្នន័យស្ថិតិអចលនទ្រព្យ ព្រមទាំងការប្រមូលពន្ធប្រថាប់ត្រាលើកិច្ចសន្យាផ្គត់ផ្គង់ទំនិញ និងសេវាកម្ម ឱ្យកាន់តែមានភាពច្បាស់លាស់ ត្រឹមត្រូវ និងតម្លាភាព សំដៅគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងចំណូលថវិការដ្ឋក្នុងខេត្តព្រៃវែង៕

